Solskjaer ថា អាជ្ញាកណ្ដាលលែងសូវហ៊ានឲ្យប៉េណាល់ទីដល់ Man UTD ព្រោះតែ Klopp
លោក Ole Gunnar Solskjaer អ្នកចាត់ការ Manchester United ថ្លែងថា ដោយសារតែការនិយាយរបស់លោក Jurgen Klopp ទើបប៉ុន្មានប្រកួតចុងក្រោយនេះ អាជ្ញាកណ្ដាលលែងសូវហ៊ានឲ្យបាល់ប៉េណាល់ទីដល់បិសាចក្រហម ទោះពេលខ្លះលោកមើលឃើញក្រុមគូប្រជែងធ្វើកំហុសច្បាស់ៗក៏ដោយ។
គ្រូបង្វឹកក្រុម Man UTD ថ្លែងបែបនេះ“៖ ២ប្រកួតចុងក្រោយ យើងគួរតែបានបាល់១១ម៉ែត្រដល់ទៅ៣ដង។ និយាយទៅ មកពីរដូវកាលមុន មានគ្រូម្នាក់និយាយថា គាត់ព្រួយបារម្ភអារឿងឲ្យបាល់ប៉េណាល់ទីច្រើនពេក។ ប្រហែលជាមកពីគ្រូហ្នឹងនិយាយបែបនេះហ្នឹងហើយបានជាអាជ្ញាកណ្ដាលលែងសូវហ៊ានផ្លុំឲ្យបាល់១១ម៉ែត្រ។”
លោក Solskjaer មិនបានបញ្ជាក់ពីអត្តសញ្ញាណគ្រូបង្វឹកដែលនិយាយដូចរៀបរាប់ខាងលើទេ តែគេអាចដឹងថា បុរសនោះ គឺជាលោក Jurgen Klopp។ អ្នកចាត់ការ Liverpool និយាយថា គ្រាន់តែឱកាសបានបាល់ប៉េណាល់ទីរបស់ Man UTD ក្នុងរយៈពេល២រដូវកាលច្រើនជាងចំនួនដែលក្រុមហង្សក្រហមបានក្នុងរយៈពេល៥រដូវកាលទៅទៀត។
លោក Solskjaer ក៏ធ្លាប់ឆ្លើយតបទៅវិញថា លោក Klopp គួរតែផ្ដោតលើការប្រកួតរបស់ខ្លួនវិញទៅ មិនបាច់យកពេលទៅរាប់ការទាត់ពិន័យ១១ម៉ែត្ររបស់បិសាចក្រហមទេ៕