Lingard នឹងជាប់១១នាក់ដំបូងរបស់ Man UTD ពេលប៉ះ West Ham ថ្ងៃពុធនេះ
លោក Ole Gunnar Solskjaer អ្នកចាត់ការ Manchester United បង្ហើបថា លោកនឹងដាក់ Jesse Lingard ក្នុងជម្រើស១១នាក់ដំបូងពេលប៉ះ West Ham United នៅថ្ងៃពុធ ទី២២ ខែកញ្ញា ប្រកួតពានរង្វាន់ Carabao Cup ជុំទី៣។
“ច្បាស់ណាស់ថា Lingard នឹងចូលប្រកួតនៅថ្ងៃស្អែក។ យើងត្រូវផ្លាស់ប្ដូរខ្លះ។ គ្រាប់បាល់របស់គេចុងក្រោយហ្នឹង បានបង្ហាញហើយថា គេពិតជាព្យាយាមដើម្បីកៅអី១១នាក់ដំបូង។ គេចង់ក្លាយជាផ្នែកសំខាន់មួយរបស់ក្លិប។ ខ្ញុំមិនអាចនិយាយអ្វីច្រើនពីគេទេ ប៉ុន្តែគេចង់ជួយ Man UTD។” នេះជាការថ្លែងពីលោក Solskjaer។
រដូវកាលនេះ Lingard ចូលលេងបាន៤ដងហើយ តែសុទ្ធតែប្ដូរចូល។ ជំនួបតទល់ West Ham ពាក់កណ្ដាលសប្ដាហ៍នេះនឹងក្លាយជាការប្រកួតទី១ក្នុងនាមជម្រើសដំបូង។ គេរកបាន២គ្រាប់ពីជំនួប Newcastle United មួយគ្រាប់ និង West Ham United មួយគ្រាប់។
ជើងទី២រដូវកាលមុន កីឡាករជម្រើសជាតិអង់គ្លេសត្រូវបាន Man UTD ឲ្យ West Ham ខ្ចី ហើយគេរកបាន៩គ្រាប់ និង assist ៤ដងពីការចូលលេង១៦ប្រកួត។ ពេលទាត់ចូល West Ham កាលថ្ងៃអាទិត្យ អ្នកគាំទ្រញញួរធំបាននាំគ្នាឈរទះដៃជាកិត្តិយសដល់ Lingard។
បើតាមអ្នកសារព័ត៌មាន Fabrizio Romano ថ្នាក់ដឹកនាំ Man UTD បានជជែកជាមួយឪពុករបស់ Lingard ជុំវិញការតកុងត្រាថ្មី តែមិនទាន់ទទួលបានការយល់ព្រមនៅឡើយទេ៕