Gerard Pique ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអេស្ប៉ាញ ដោយអស់ចិត្ត
Gerard Pique ខ្សែការពារក្លឹប Barcelona នៅថ្ងៃនេះ បានប្រកាស ចូលនិវត្តន៍ ពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។ កីឡាករវ័យ ៣១ឆ្នាំ ដែលស៊ុតបញ្ជូលទី ឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ បាន ៥ដង ចន្លោះឆ្នាំ ២០០៩ ដល់ ២០១៨ បានអះអាងថា លោកនឿយហត់នឹងការរិះគន់ ហើយចង់ទុកពេលផ្តោតការលេងជាមួយ Barcelona។
Gerad Pique បាននិយាយថា៖ «ខ្ញុំបាននិយាយជាមួយលោក Luis Enrique (គ្រូបង្វឹកអេស្ប៉ាញ) តាំងពីប៉ុន្មានថ្ងៃមុន។ គាត់ទូរស័ព្ទមកខ្ញុំ ហើយខ្ញុំបានប្រាប់គាត់ពីការសម្រេចចិត្តនេះ ថាខ្ញុំបានគិតយូរមកហើយ ហើយក៏គិតដោយប្រុងប្រយ័ត្នផងដែរ។»
Pique ដែលជាស្វាមីតារាចម្រៀងកូឡុំប៊ី Shakira ដ៏ល្បី បានបន្តថា៖ «វាគឺជាពេលវេលាដ៏ល្អ ជាមួយក្រុមជម្រើសជាតិ ដែលខ្ញុំមានឱកាសបានលើកពាន World Cup និង European Championship។ ហើយឥឡូវខ្ញុំចង់ផ្តោតលើ Barca វិញ។ ខ្ញុំមានពេលតែ ២ ឬ ៣ឆ្នាំទៀតប៉ុណ្ណោះនៅទីនេះ (Barcelona) ដូច្នេះ ខ្ញុំត្រូវតែរីករាយជាមួយវា»។
គួរជម្រាបជូនថា Gerard Pique ធ្លាប់បានជួយជម្រើសជាតិអេស្ប៉ាញឲ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup កាលពីឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង និងឈ្នះពានរង្វាន់បាល់ទាត់អឺរុប UEFA Euro Cup កាលពីឆ្នាំ ២០១២ នៅប៉ូឡូញ និងអ៊ុយក្រែន៕