Juventus នៅមិនទាន់ឈ្នះ ខណៈ Roma ចាញ់លើកដំបូង
Ante Rebic បានតែតបញ្ចូលទីនាទី៧៦ ដែលជាគ្រាប់តាមស្មើ១ទល់នឹង១ឲ្យ AC Milan ក្នុងជំនួបក្របខណ្ឌកំពូលអ៊ីតាលី តទល់ Juventus។
ការតែតនេះកើតឡើងពីបាល់ជ្រុងដោយ Sandro Tonali ហើយក៏ធ្វើឲ្យក្រុមសេះបង្កង់រអិលទៅកាន់លេខ១៨។
Alvaro Morata បានអូសបាល់ស៊ុតបញ្ចូលទីឲ្យ Juventus នាំមុខតាំងពីនាទីទី៤។ ៤ប្រកួតមកនេះ Juventus ទើបមាន២ពិន្ទុប៉ុណ្ណោះ។
ដូច្នេះនេះជាការទទួលបានលទ្ធផលមិនល្អក្នុងចំណោម៤ប្រកួតដំបូង ជាលើកទី៤ដែលពួកគេមិនឈ្នះសោះ។ ៣លើកមុន គឺរដូវកាល១៩៤២/១៩៤៣, ១៩៥៥/១៩៥៦ និង ១៩៦១/១៩៦២។
ចំណែក AS Roma វិញ បានទទួលបរាជ័យលើកដំបូងក្រោមការដឹកនាំពីលោក Jose Mourinho។ ពួកគេចាប់ផ្ដើមការប្រកួត Serie A សប្ដាហ៍ទី៤ ដោយការឈ្នះទាំង៦លើកជាប់គ្នាពីគ្រប់កម្មវិធី។ តែក្នុងការប្រកួតក្របខណ្ឌកំពូលថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ក្រុមមានមូលដ្ឋាននៅក្រុងរ៉ូមបានចាញ់ Hellas Verona ៣ទល់នឹង២៕