Maguire និយាយថាខ្លួនពិតជាសំណាងណាស់បើបានចាប់ដៃគូជាមួយ Varane
(BC-99)
ប្រធានក្រុម បិសាចក្រហម Harry Maguire បាននិយាយថាខ្លួនស្ទើរតែទ្រាំមិនបានទេក្នុងការលេងជាដៃគូខ្សែការពារជាមួយកីឡាករ បារាំង Raphael Varane ដែល Manchester United ទើបតែទិញបានពី Real Madrid នៅពេលថ្មីៗនេះ។
ការផ្ទេរកីឡាករសញ្ជាតិបារាំងរូបនេះពីក្រុម Real Madrid ត្រូវបានបញ្ចប់កាលពីថ្ងៃសៅរ៍ហើយរូបគេក៏បានង្ហាញខ្លួននៅលើទីលាន Old Trafford មុនពេលប្រកួតសប្តាហ៍ដំបូងរបស់ Man Utd រដូវកាលនេះទល់នឹង Leeds Utd។
បន្ទាប់ពីជ័យជម្នះ ៥-១ លើក្រុម Leeds ប្រធានក្រុម Man Utd Maguire បាននិយាយថា៖ “យើងមានការពិបាកជាច្រើនដែរដើម្បីនាំកីឡាករម្នាក់នេះមកចូលរួមក្លឹបវាពិតជាគួរឱ្យរំភើបមែនទែន។ ខ្ញុំបានឃើញពីសមត្ថភាពរបស់ Varane ។ អ្នករាល់គ្នានៅក្នុងក្រុមច្បាស់ជាទន្ទឹងរង់ចាំដើម្បីបានសហការជាមួយគេ។ គេនឹងជួយបង្កើនប្រសិទ្ធភាពការការពាររបស់យើង”។
គួរបញ្ជាក់ថា Raphael Varane ទទួលបានអាវស្លាកលេខ ១៩ ក្នុងខណៈពេលដែលរូបគេក៏មានភាគរយខ្ពស់ផងដែរក្នុងការជួយក្រុម Man Utd ប្រកួតជាមួយម្ចាស់ផ្ទះ Southampton នៅចុងសប្តាហ៍នេះ។