ចប់អូឡាំពិកជាមួយអេស្ប៉ាញ Pedri អត់សម្រាកទេ ហើយគ្រោងចូលហាត់ជាមួយ Barca ភ្លាមៗ
ខ្សែបម្រើវ័យក្មេង Pedri នឹងត្រូវចូលហ្វឹកហាត់ជាមួយសមាជិកក្រុមឯទៀតនៅ Barcelona ភ្លាមៗ បន្ទាប់ពីចប់យុទ្ធនាការអូឡាំពិក ២០២០ នៅជប៉ុន។
សារព័ត៌មាន La Sexta របស់អេស្ប៉ាញឲ្យដឹងថា កីឡាករវ័យ១៨ឆ្នាំពុំមានគម្រោងទៅសម្រាកលំហែដូចសមាជិកក្រុមជម្រើសជាតិមួយចំនួនទៀតទេ ដោយគេចង់ទៅជួយ FC Barcelona ភ្លាមៗតែម្ដង។
កាលពីចប់ La Liga អតីតកីឡាករក្លិប Las Palmas ក៏មិនបានសម្រាកអីដែរ ដោយគេត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិអេស្ប៉ាញទៅប្រកួត Euro ហើយចប់ពីហ្នឹងទៅប្រកួតអូឡាំពិកជាមួយ U23 អេស្ប៉ាញទៀត។
Pedri បានបង្កើតកំណត់ត្រាកីឡាករលេងច្រើនប្រកួតជាងគេក្នុងរដូវកាល២០២០/២០២១ ពោលដល់ទៅ៧៣ប្រកួតពីគ្រប់កម្មវិធី។ ក្នុងវ័យទើប១៨ឆ្នាំ គេលេងបាន៥២ប្រកួតនៅ Barcelona និង២១ប្រកួតនៅជម្រើសជាតិ និង U21 ក៏ដូចជាក្រុមអូឡាំពិកអេស្ប៉ាញ។ ចំនួន៥២ប្រកួតនៅBarcelona ក្នុងមួយរដូវកាលនេះ ពុំមាននរណាធ្វើបានដូច Pedri ទេ។
Barcelona នឹងបើកយុទ្ធនាការ La Liga ២០២១/០២២ នៅថ្ងៃទី១៥ ខែសីហា តទល់ Real Sociedad នាកីឡដ្ឋាន Camp Nou៕