ជំនួបរវាង ភ្នំពេញក្រោន ជាមួយ វិសាខា ត្រូវលុបចោល ដោយសង្ស័យកីឡាករមានកូវីដ
ការប្រកួតពានរង្វាន់ League Cup រវាងក្លិប វិសាខា ជាមួយ ភ្នំពេញក្រោន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១២ ខែ មិថុនា ២០២១ នេះត្រូវបានលុបចោលវិញ បន្ទាប់ពីមានការ សង្ស័យវិជ្ជមាន នៃជំងឺកូវីដ-១៩ លើកីឡាករ២រូប របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ។
CNCC បានបញ្ជាក់ថានៅថ្ងៃនេះថា ការប្រកួត(សប្តាហ៍ទី២) រវាងក្លិបបាល់ទាត់វិសាខា និង ភ្នំពេញក្រោន ត្រូវលុបចោលការប្រកួត ដោយមូលហេតុរកឃើញនូវករណីសង្ស័យវិជ្ជមាន នៃជំងឺកូវីដ-១៩ លើកីឡាករ២រូប របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។ ចំណែកក្លិប ភ្នំពេញក្រោន ក៏បានបញ្ជាក់ថាផងដែរថា ៖
ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ឆ្លងកាត់ការធ្វើតេស្តដើម្បីពិនិត្យសំណាកលើកីឡាករ គ្រូបង្វឹក និងបុគ្គលិកនានានៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះរួចមក ជាលទ្ធផលមានកីឡាករ ២រូបវិជ្ជមានកូវីដ១៩។
ដូចនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោននឹងមិនអាចបន្តចូលរួមការប្រកួត League Cup តាមកាលវិភាគដែលបានកំណត់ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នោះទេ។
ជាមួយគ្នានេះដែរ កីឡាករ និងបុគ្គលិកដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កចាប់ពីថ្ងៃនេះតទៅដើម្បីតាមដានសុខភាព ដើម្បីសុវត្ថិភាព និងគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់លទ្ធផល ឬការវិវត្តន៍បន្ថែម យើងខ្ញុំនឹងជម្រាបជូនលោកអ្នកនាពេលបន្តបន្ទាប់ទៀត។
នេះជាលើកទី២ ដែលការប្រកួតពានរង្វាន់ League Cup ត្រូវលុបការប្រកួតចោល ខណៈថ្ងៃបើកឆាករវាង វិសាខា ជាមួយ បឹងកេត ក៏ត្រូវលុបចោលដែរ ដោយសារមានករណីសង្ស័យវិជ្ជមានកូវីដ ១៩ លើបុគ្គលិក របស់ក្លិប បឹងកេត ។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ League Cup ដែលមាន២ពូល ពេលនេះមានក្រុមមួយចំនួនត្រូវដកខ្លួនចេញហើយ ដូចជា បឹងកេត , យុវជនសាលាបាល់ទាត់បាទី និង ភ្នំពេញក្រោន នេះផងដែរ ។ ក្រុមដែលនៅបន្តការប្រកួតរួមមាន Tiffy Army , ព្រៃវែង , ព្រះខ័នរាជស្វាយរៀង , វិសាខា និង ISI DSC ។ បើមិនមានការប្រែប្រួលនៅថ្ងៃ អាទិត្យ ទី១៣ មិថុនា នេះ ព្រៃវែង នឹងប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅទឹកដី ព្រៃវែង ម៉ោង ៣ ៈ ៣០ នាទីរសៀល ៕