
Spurs បញ្ចប់ការចរចាជាមួយ Conte ដោយសារបញ្ហានេះ
Tottenham Hotspur បានបញ្ចប់ការចរចាជាមួយលោក Antonio Conte ក្នុងគោលបំណងតែងតាំងជាអ្នកចាត់ការថ្មីហើយ។
បើតាមសារព័ត៌មាន BBC គឺគ្រូបង្វឹកដែលទើបលើកពានលីគកំពូលអ៊ីតាលីជាមួយ Inter Milan មានមន្ទិលលើថវិកាទិញដូរកីឡាករ។ គេដឹងថា លោក Conte ជាគ្រូបង្វឹកដែលចូលចិត្តទិញកីឡាករល្បីស្រាប់ ខណៈ Tottenham ចូលចិត្តបណ្ដុះធនធានផ្ទាល់ខ្លួន ដូចកាលជំនាន់លោក Pochettino។
សរុបការចរចាក៏ត្រូវបរាជ័យ ហើយក្រុមមាន់ខ្នាយមាសក៏ត្រូវស្វែងរកគ្រូបង្វឹកថ្មី ក្រោយលោក Jose Mourinho ត្រូវបានបញ្ចប់តំណែង៧សប្ដាហ៍មកហើយ។
Tottenham ត្រូវបានភ្ជាប់ជាមួយអតីតគ្រូបង្គោល RB Leipzig លោក Julian Nagelsmann និងលោក Brendan Rodgers របស់ Leicester City។ ផ្ទុយទៅវិញ លោក Nagelsmann បានចូលរួមជាមួយ Bayern Munich ខណៈលោក Rodgers បន្តការប្ដេជ្ញាចិត្តជាមួយ Leicester ដដែល។
គួរដឹងដែរថា លោក Antonio Conte បានសម្រេចចិត្តចាកចេញពី Inter Milan តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាំក្រុមមួយនេះឈ្នះតំណែងជើងឯក Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ៕