Neymar ត្រូវអ្នកគាំទ្រ ឈូសចំជើងអំឡុងពេលចុះពីឡាន
បន្ទាប់ពី Neymar បានហ្វឹកហាត់រួចរាល់ជាមួយក្រុមជម្រើសជាតិប្រេស៊ីល និងបានវិលត្រឡប់ទៅសណ្ឋាគារជាមួយក្រុមរបស់ពួកគេវិញនៅឯ Porto Alegre ដើម្បីត្រៀមខ្លួនប្រកួតជម្រុះ World Cup នៅផ្ទះរបស់ពួកគេ ជាមួយជម្រើសជាតិ អេក្វាឌ័រ ក្នុងនោះក៏មានការឈរស្វាគមន៍ដោយការរំភើបនិងស្រែកគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ពួកគេ ខណៈពេលពួកគេចុះពីឡានក្រុង។ ប៉ុន្តែអំឡុងពេលនោះ ស្រាប់តែមានអ្នកគាំទ្រវ័យក្មេង២រូប បានព្យាយាមរត់ឆ្លងសន្តិសុខដែលកំពុងឈរការពារដំណើរកីឡាករក្នុងគោលបំណងតម្រង់ទៅរក Neymar ភ្លាមៗនោះពួកគេក៏រអិលដួល បុកចំត្រូវជើង Neymar ក៏បង្កើតជាការព្រួយបារម្ភភ្លាមៗក្រែងលោខ្សែប្រយុទ្ធរបស់ PSG មានរបួស។
ឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានថតជាប់នៅក្នុងវីដេអូ ដែលបានធ្វើឱ្យមានការព្រួយបារម្ភអំពីការរងរបួសសម្រាប់ខ្សែប្រយុទ្ធអាយុ ២៩ ឆ្នាំ ខណៈដែលប្រេស៊ីលត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup និងត្រៀមប្រកួត Copa America ក្នុងទឹកដីខ្លួនឯង៕