អតីតកីឡាករប្រេស៊ីល Zico បានបញ្ចេញទស្សនៈលើទំរង់លេងមិនចេះធ្លាក់ចុះរបស់ខ្សែប្រយុទ្ធ Leo Messi
អ្វីដែលលោក Zico បានផ្តោតសំខាន់គឺ ការប្រៀបធៀបសមត្ថភាពម្ចាស់ពាន Ballon d’or ៥សម័យរបស់អាហ្សង់ទីន ដែលស្រដៀងទៅនិងវិរៈបុរសបាល់ទាល់រួមសញ្ជាតិ Diego Maradona ប៉ុន្តែនៅតែមិនទាន់ល្អជាងម្ចាស់គ្រាប់បាល់ ១២៨៤គ្រាប់ Pele បាននៅឡើយទេ។
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ឈ្នះពានគ្រប់បែបយ៉ាងជាមួយ FC Barcelona ប៉ុន្តែមិនអាចឈ្នះពានធំៗជាមួយក្រុមជំរើសជាតិបានដែលធ្វើអោយលោក Zico វាយតំលៃថារូបគេមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ បើធៀបទៅនិង Maradona ដែលមានវត្តមានសឹងតែគ្រប់ការប្រកួតជាមួយពពកសអាហ្សង់ទីន នៅជំនាន់ដែលជំរើសជាតិមិនទាន់មានអ្នកមានសមត្ថភាពច្រើនដូចសព្វថ្ងៃ ថែមទាំងអាចឈ្នះពាន FIFA World Cup បានទៀតផង។
បុសវ័យ៦៥ឆ្នាំក៏បានបរិយាយបែបលើកសរសើរពីសមត្ថភាពរបស់ Pele ផងដែរថារូបគាត់គឺជាកីឡករបាល់ទាត់ដែលព្រះបានប្រទានមក ដោយបានដាក់បញ្ចូលទាំង ថាមពល ល្បឿន បច្ចេកទេស និងទេព្យកោសល្យគ្រប់បែបយ៉ាង ហើយរបស់ទាំងនេះគឺជាអ្វីដែលកីឡាករបាល់ទាត់គ្រប់រូបត្រូវតែមាន។
នៅឃ្លាចុងក្រោយរបស់លោក Zico ក៏បានបញ្ចាក់ថា Messi មានអ្វីគ្រប់បែបយ៉ាងទាំងគ្រាប់បាល់ និងពានរង្វាន់ជាច្រើន ប៉ុន្តែសោកស្តាយដែលគេមិនទាន់ឈ្នះ World Cup។
បច្ចុប្បន្ន Messi ស៊ុតបាន១៥គ្រាប់ក្នុងរដូវកាល ២០១៨-២០១៩ គិតត្រឹមសប្តាហ៏ទី១៧ ដែលជាចំនួនច្រើនជាងគេបើគិតក្នុងលីគកំពូលទាំង៥ក្នុងតំបន់អឺរ៉ុប និងច្រើនជាងគូប្រជែង C.Ronaldo ដែលផ្ទេរលេងអោយសេះបង្កង់ទើបតែរកបាន១៤គ្រាប់ប៉ុណ្ណោះ៕