អ្វីគួរដឹងក្រោយ Leeds ចាញ់ក្រុមមកពីក្របខណ្ឌទី៤អង់គ្លេសយប់មិញ
Leeds United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ជុំទី៣ ក្រោយចាញ់ Crawley Town មកពីក្របខណ្ឌ League Two (លំដាប់ទី៤បន្ទាប់ពី Premier League) ដោយលទ្ធផល៣ទល់នឹង០ នៅថ្ងៃអាទិត្យ ទី១០ ខែមករា។
Nick Tsaroulla របស់ Crawley ដែលទើបលេងបាន៧ប្រកួតសម្រាប់ក្រុមធំបានអូសផុតខ្សែការពារ៣នាក់ទាត់ចូលនាទី៥០។
៣នាទីក្រោយ Ashley Nadesan បន្ថែមការនាំមុខមួយគ្រាប់ទៀត បន្ទាប់ពីអ្នកចាំទី Kiko Casilla ភ្លាត់ស្នៀត។ ដល់នាទី៧០ Jordan Tunnicliffe បន្ថែមបានគ្រាប់ទី៣។
Leeds បានផ្លាស់ប្ដូរកីឡាករ៧នាក់ តែក៏បានដាក់កីឡាករជម្រើសជាតិអង់គ្លេស Kalvin Phillips ជាមួយ Pablo Hernandez, Ezgjan Alioski និង Rodrigo ដែលជាកីឡាករថ្លៃជាងគេប្រចាំក្លិប។
ចំណែក Crawley ក៏បានដាក់តារាទូរទស្សន៍ Mark Wright នៅចុងម៉ោងថែមទៀតផង។ នេះជាលើកទី៣ហើយក្នុងរយៈពេល១២៥ឆ្នាំនៃការចូលរួមបាល់ទាត់អង់គ្លេសដែលពួកគេបានឡើងដល់ជុំទី៤ FA Cup។
នេះក៏ជាលើកដំបូងក្នុងរយៈពេល៣៤ឆ្នាំដែលក្រុមមកពីក្របខណ្ឌកំពូលចាញ់ក្រុមមកពីក្របខណ្ឌទី៤ចាប់ពី៣គ្រាប់ឡើង និងជាលើកទី២សម្រាប់ក្របខណ្ឌទី៤ចាប់តាំងពីត្រូវបានបញ្ចូលក្នុង Football League នៅឆ្នាំ១៩៥៨៕