ឮដំណឹងថា Spurs ចង់យក Pochettino ទៅអង់គ្លេសវិញ
សារព័ត៌មាន Marca ផ្សាយថា Tottenham Hotspur ចង់នាំលោក Mauricio Pochettino ត្រលប់ទៅអង់គ្លេសវិញ ដើម្បីចូលកាន់តំណែងជាអ្នកចាត់ការសាជាថ្មី ខណៈបច្ចុប្បន្នក្រុមនេះមិនទាន់រកបានអ្នកជំនួសកៅអីលោក Jose Mourinho នៅឡើយ។
អតីតកីឡាករ Spurs លោក Ryan Mason ត្រូវបានដំឡើងឲ្យកាន់ការងារគ្រូធំបណ្ដោះអាសន្ន ហើយបាននាំក្រុមចូលវគ្គ Play-Off ពានរង្វាន់ Europa Conference League ក្នុងនាមក្រុមលេខ៧នៅ Premier League រដូវកាលនេះ។ យ៉ាងណា លោក Mason ដែលបានបញ្ចប់អាជីពជាកីឡាករទាំងវ័យក្មេងនៅ Hull City ដោយសាររបួសពេលតែតក្បាល ដឹងច្បាស់ថា មិនអាចទទួលបានតំណែងជាផ្លូវការឡើយ។
បើតាមសារព័ត៌មាន Independent ថ្នាក់ដឹកនាំ Tottenham គិតថា ការយកលោក Pochettino មកវិញ គឺជាជម្រើសដ៏ល្អបំផុត បន្ទាប់ពីគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះមិនបានឈ្នះជើងឯក Ligue 1 នៅ Paris Saint Germain ហើយថែមទាំងមិនបានឡើងផ្ដាច់ព្រ័ត្រ UEFA Champions League ទៀត។
កីឡាករ Spurs បច្ចុប្បន្នមួយចំនួនសប្បាយចិត្តជាមួយលោក Pochettino ហើយក៏មានទាំង Harry Kane ដែលចង់ចាកចេញពីក្រុមដែរ។ ប្រសិនបើលោក Pochettino អាចវិលទៅក្រុមមាន់ខ្នាយមាស គេគិតថា Kane ទំនងពិចារណាសាជាថ្មីចំពោះបំណងចាកចេញពីក្រុម។
អ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តចំពោះប្រធានក្លិប លោក Daniel Levy ទេ ដោយសារតែលោកធ្លាប់មានបំណងចូលរួម European Super League។ ដូច្នេះលោកគិតថា ការហៅលោក Pochettino ទៅវិញ ក៏អាចជួយរំសាយអារម្មណ៍អ្នកគាំទ្របាន៕