លោក Honda បញ្ជាក់ពីការចាកចេញពី Botafogo
លោក Keisuke Honda បានសរសេរលើទំព័រ Twitter របស់ខ្លួននាថ្ងៃពុធ ទី៣០ ខែធ្នូ ស្ដីពីការចាកចេញពីក្លិប Botafogo ហើយ ក្រោយចូលរួមបានជិតមួយឆ្នាំមក។
ខ្សែបម្រើជនជាតិជប៉ុនសរសេរបែបនេះ “៖ខ្ញុំនឹងចាកចេញពី Botafogo។ ជាបឋម ខ្ញុំសូមទទួលយកមតិរិះគន់ពីអ្នករាល់គ្នា ហើយខ្ញុំគ្មានអ្វីត្រូវដោះសារទេ។ ខ្ញុំពិតជាខកចិត្តដែលមិនអាចជួយអ្វីបានច្រើន។ ខ្ញុំសូមអភ័យទោស។ ខ្ញុំពិតជាពេញចិត្តចំពោះការប្រឹងប្រែងរបស់អ្នករាល់គ្នា។ វាជាបទពិសោធដ៏អស្ចារ្យដែលខ្ញុំមិនធ្លាប់។ ខ្ញុំសម្រេចចិត្តបែបនេះដោយសារហេតុផលផ្ទាល់ខ្លួន តែក៏សប្បាយចិត្តពេញមួយរដូវកាលនេះ។ ខ្ញុំសូមអរគុណចំពោះមិត្តរួមក្រុមទាំងអស់។”
អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជាដដែលបានបញ្ជាក់ពីការចាកចេញពីក្លិបប្រស៊ីលខាងលើក្រោយមានពាក្យចចាមអារ៉ាមយ៉ាងច្រើន។ យោងតាម Globo Esporte អតីតសមាជិក AC Milan នឹងចេញពី Botafogo នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ពេលកិច្ចសន្យាអស់សុពលភាព។ កីឡាករវ័យ៣៤ឆ្នាំបានរងរបួសក្នុងការប្រកួតកាលថ្ងៃទី២០ ខែធ្នូ និងអាចអវត្តមានដល់ដាច់ខែមករា ឆ្នាំ២០២១។
Honda បានចូលរួមជាមួយ Botafogo កាលខែកុម្ភៈ ឆ្នាំ២០២០ និងទាក់ទាញបានចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រ។ យ៉ាងណាមានហេតុផលមួយ គឺលោកមិនសប្បាយចិត្តដែលក្លិបប្ដូរគ្រូធំដល់ទៅ៥នាក់ក្នុងរយៈពេលមួយរដូវកាលនេះ។
នាពេលថ្មីៗនេះ ក្លិបក្របខណ្ឌកំពូលព័រទុយហ្គាល់ Portimonense ក៏បង្ហាញការចាប់អារម្មណ៍លើកីឡាករវ័យ៣៤ឆ្នាំរូបនេះដែរ៕