
Zlatan Ibrahimovic និយាយថា ខ្លួនមិនមែនជាកីឡាករលេងនៅពានរង្វាន់ UEFA Europa League ឡើយ
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបង្ហើបពីតម្រុយរបស់ខ្លួននាពេលអនាគតជាមួយ AC Milan ក្រោយពីបញ្ចប់រដូវកាលនេះនៅខែកក្កដាខាងមុខ។
បុរសដែលត្រូវបានគេដាក់រហស្សនាមថាលោកព្រះបាននិយាយថា៖ “Ibra កើតមកសម្រាប់លេងបាល់ទាត់ ហើយក៏នៅតែល្អដដែល។ យើងនឹងចាំមើលក្នុងរយៈពេល២ខែនេះថាតើនឹងមានរឿងអ្វីកើតឡើង ប៉ុន្តែស្ថានភាពនៅតែបែបនេះ និយាយតាមត្រង់អ្នកនឹងមិនឃើញខ្ញុំនៅ Milan ទៀតទេ។
“Ibra គឺមិនមែនជាកីឡាករសម្រាប់ពានរង្វាន់ Europa League ឡើយ ហើយ Milan ក៏មិនមែនជាក្លឹបដែលត្រូវលេងនៅទីនោះដូចគ្នា” នេះជាការបន្ថែមរបស់សមាជិក AC Milan រូបនេះ។
គួរឱ្យដឹងថា កីឡាករវ័យ៣៨ឆ្នាំខាងលើរូបបានស៊ុតបញ្ចូលទីបាន៦គ្រាប់ហើយចាប់តាំងពីត្រឡប់មកកាន់ AC Milan សារជាថ្មី បន្ទាប់ពីចាកចេញពីទឹកដីសហរដ្ឋអាមេរិក។