Donny និយាយថា Man Utd បានផ្តល់ភាពកក់ក្តៅប្រៀបដូចជាផ្ទះរបស់ខ្លួន
(BC-99)
Donny van de Beek និយាយថាក្រុមបិសាចក្រហម Manchester United បានធ្វើឱ្យគាត់មានអារម្មណ៍នៅផ្ទះរួចទៅហើយ។
ដោយមានឱកាសខ្ពស់ក្នុងការបង្ហាញខ្លួននៅ Premier League ដែលបិសាចក្រហម Manchester United ត្រូវប្រកួតជាមួយ Crystal Palace កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញអំពីអារម្មណ៍ជឿជាក់របស់ខ្លួនសម្រាប់ការប្រកួតសប្តាហ៍ដំបូងរបស់គេនៅ Old Trafford ។
Donny បានធ្វើការពន្យល់តាមរយៈការផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គេនៅក្នុងថ្ងៃថា៖ “អ្នករាល់គ្នា(សមាជិកកីឡាកររបស់ក្រុម)បានជួយខ្ញុំច្រើន ហើយបានធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាទីនេះគឺជាផ្ទះរបស់ខ្ញុំ ហើយនេះពិតជាល្អណាស់សម្រាប់ខ្ញុំដែលវាបានផ្តល់ទំនុកចិត្តដល់ខ្ញុំក្នុងការប្រកួត។ នេះគឺជាក្លឹប គឺជាគ្រួសារ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះតាំងពីវិនាទីដំបូងដែលខ្ញុំបានធ្វើដំណើរមកដល់ទីនេះ” ។
ថ្វីត្បិតតែរូបគេបានចូលរួមប្រកួតមិត្តភាពដែលមិនបានជួយអោយ Man Utd ឈ្នះ Aston Villa នាសប្តាហ៍មុនក៏ដោយក៏ Van De Beek បាននិយាយពាក្យល្អៗដល់ក្រុមថ្មីរបស់ខ្លួនថា៖ “Old Trafford គឺជាកីឡដ្ឋានដ៏អស្ចារ្យមួយ។ អ្វីដែលល្អបំផុតគឺជាអ្នកគាំទ្ររបស់ពួកយើង។ ខ្ញុំក៏មិនអាចរង់ចាំលេងជាលើកដំបូងនៅពីមុខពួកគេបានឡើយ។ យើងនឹងមានថាមពលកាន់តែខ្លាំងនៅពេលដែលយើងមានអ្នកទាំងអស់មកចូលរួមលើកទឹកចិត្ត” ។
គួរឲ្យដឹងដែរថាក្រុមបិសាចក្រហម Man Utd ដែលដឹកនាំដោយលោក Ole Gunnar Solskjaer នឹងបើកការប្រកួតជាលើកដំបូងរបស់ខ្លួននៅ Premier League រដូវកាលថ្មីនេះជាមួយក្រុម Crystal Palace នាចុងសប្តាហ៍នេះនៅលើទឹកដីរបស់ខ្លួន។ សប្តាហ៍បន្ទាប់នាចុងខែ កញ្ញា នេះពួកគេនឹងត្រូវធ្វើជាភ្ញៀវទៅសួរសុខទុក្ខក្រុម Brighton វិញម្តង៕