
កំណត់ត្រាគួរដឹងរបស់ Man UTD ក្រោយឈ្នះ Aston Villa
Manchester United បានបង្កើតកំណត់ត្រាមួយចំនួនពីជ័យជម្នះ០ទល់នឹង៣លើ Aston Villa នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ក្នុងជំនួប Premier League សប្ដាហ៍ទី៣៤។
អ្វីគួរកត់សម្គាល់នោះ គឺក្រុមបិសាចក្រហមជាក្លិបនៅ Premier League ដំបូងគេដែលអាចឈ្នះច្រើនជាង៣គ្រាប់ពី៤ប្រកួតជាប់គ្នា។ មុនឈ្នះ Aston Villa ៣-០ នេះ ពួកគេ Bournemouth ៥ទល់នឹង២ ព្រមទាំង Brighton & Hove Albion និង Sheffield United ៣ទល់នឹង០ ដូចគ្នា។
Liverpool ក៏ធ្លាប់ធ្វើបានដែរ តែតាំងពីសម័យមិនទាន់ដាក់ឈ្មោះថា Premier League គឺនៅឆ្នាំ១៩៨៧។
ជាមួយគ្នានេះ Man UTD ក៏ជាក្លិបដំបូងដែលអាចក្រសោបជ័យជម្នះរៀងរាល់ថ្ងៃ ពោលគឺធ្លាប់ឈ្នះចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យតែម្ដង។
មួយវិញទៀត គឺកំណត់ត្រារបស់ Bruno Fernandes។ ខ្សែបម្រើព័រទុយហ្គាល់រូបនេះទាត់ចូលមួយគ្រាប់ និងបញ្ជូនមួយលើកទៀតហើយ ដែលធ្វើឲ្យគេរួមចំណែកផ្ទាល់បាន១៣គ្រាប់ (ស៊ុតបាន៧គ្រាប់ និងបញ្ជូន៦លើក) ពីការប្រកួត១០ដងដំបូងនៅ Premier League។ នេះក៏ជាកំណត់ត្រាដ៏ល្អឯកលក្ខណៈបុគ្គលដែលពិបាកមានអ្នកធ្វើបាន។
គួរដឹងដែរថា ៣គ្រាប់របស់ Man UTD នៅផ្ទះ Aston Villa ធ្វើបានដោយ Bruno Fernandes, Mason Greenwood និង Paul Pogba៕