នាយកកីឡា PSG បង្ហើបរឿងនាំយក Ronaldo និង Messi មកបារាំងក្រោយចប់រដូវកាលនេះ
លោក Leonardo នាយកប្រតិបត្តិផ្នែកកីឡារបស់ Paris Saint-Germain បានចេញមុខមកបកស្រាយអំពីព័ត៌មានចចាមអារ៉ាមដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ដែលបានចុះផ្សាយមកថា ក្រុមរបស់ខ្លួនកំពុងតែពិចារណាក្នុងការនាំយកខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi មកកាន់ទឹកដីបារាំងនៅដំណាច់រដូវកាលនេះ។
កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាអាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League។
ដោយឡែកសម្រាប់ Lionel Messi វិញគឺកីឡាករសញ្ជាតិអាហ្សង់ទីនបានបង្ហាញពីបំណងក្នុងការចាកចេញពី FC Barcelona នៅដើមរដូវកាលនេះរួចមកហើយ ក្រោយមានបញ្ហាជាមួយនឹងអតីតប្រធានក្លឹប Josep Bartomeu ខណៈក្រោយបញ្ចប់រដូវកាលនេះរូបគេនឹងធ្វើការសម្រេចពីអនាគតតែម្តង។
នាយកប្រតិបត្តិផ្នែកកីឡារបស់ Paris Saint-Germain លោក Leonardo ក៏បានធ្វើការបកស្រាយផងដែរថា៖ “អ្វីដែលខ្ញុំអាចនិយាយបានគឺ យើងកំពុងរៀបចំផែនការក្នុងការបន្តកុងត្រាជាមួយសមាជិករបស់យើង ហើយយើងនឹងពិនិត្យអំពីផែនការថវិកាសម្រាប់ចាយវាយជាបន្តផងដែរ។ គម្រោងរបស់យើងគឺនឹងនាំយកកីឡាករល្អៗបំផុតមកកាន់ក្លឹប ហើយខ្ញុំមិនបដិសេធទេអំពីការនាំយក Cristiano Ronaldo និង Lionel Messi មកកាន់ទីនេះ ប៉ុន្តែឥឡូវនេះយើងមិនទាន់បានធ្វើការទំនាក់ទំនងជាមួយពួកគេនៅឡើយទេ។”
គួរឱ្យដឹងថា PSG ត្រូវបានគេចុះផ្សាយមកថា កំពុងតែរៀបចំក្នុងការនាំយកស្តេចបាល់ទាត់បច្ចុប្បន្នទាំង២មកកាន់ទឹកដី Parc des Princes តាមការចង់បានរបស់ប្រធានក្លឹបដែលជាមហាសេដ្ឋីអារ៉ាប់ Nasser Al-Khelaifi ដើម្បីធ្វើឱ្យក្លឹបកាន់តែមានភាពល្បីល្បាញនៅលើពិភពលោក។