Mourinho ថា សួរ Real Madrid ទៅ បើចង់ដឹងច្បាស់ពីអនាគត Bale
លោក Jose Mourinho អ្នកចាត់ការ Tottenham Hotspur ថ្លែងថា វាអាស្រ័យលើ Real Madrid ថាតើពួកគេអនុញ្ញាតឲ្យ Gareth Bale ចូលរួមជាមួយក្រុមរបស់លោកឬអត់នៅរដូវកាលក្រោយ។
Bale វ័យ៣១ឆ្នាំកំពុងលេងនៅ Premier League លើលក្ខខណ្ឌខ្ចីពី Real Madrid មួយរដូវកាល ហើយកិច្ចសន្យារបស់គេនៅក្លិបអេស្ប៉ាញនៅសល់មួយរដូវកាលទៀត។
លោក Mourinho ថ្លែងបែបនេះ “៖គាត់មិនមែនជាកីឡាករ Spurs ទេ ដូច្នេះការសម្រេចចិត្តស្ថិតលើ Real Madrid។ ខ្ញុំខ្ចីកីឡាករគេមក ហើយអ្វីដែលខ្ញុំអាចធ្វើបាននោះ គឺគ្រាន់តែធ្វើឲ្យគេលេងឲ្យបានល្អប៉ុណ្ណោះ។ យើងព្យាយាមថែរក្សាកីឡាករដែលយើងខ្ចីមក ហើយយើងនៅតែគោរពចំពោះក្លិបដើមរបស់គេ។ អ៊ីចឹងបើចង់ដឹងពីអនាគតរបស់ Bale អ្នកអាចសួរ Real Madrid ឬអ្នកចាត់ការ Zinedine Zidane បាន។”
Bale បានទៅដល់ Spurs ជាមួយនឹងបញ្ហារបួសជង្គង់សល់ពីការលេងនៅអេស្ប៉ាញ ហើយគេក៏មិនសូវមានឱកាសបង្ហាញខ្លួនប៉ុន្មានទេក្នុងក្រុមលោក Zidane។
យ៉ាងណា គេបានទាត់ចូល៣គ្រាប់ពីការប្រកួត២លើក ដែលអាចនិយាយថា គេកំពុងបង្ហាញសញ្ញាវិលទៅរកគុណផលដ៏ល្អឡើងវិញ៕