អតីតគ្រូ U16 ថៃ ថា បានបដិសេធសំណើជាច្រើនមុនចូលដឹកនាំព្រៃវែង
លោក Thongchai Rungreangles អតីតគ្រូបង្គោលក្រុមជម្រើសជាតិថៃអាយុក្រោម១៦ឆ្នាំត្រូវបានផ្ដល់ទំនុកចិត្តដឹកនាំក្លិបបាល់ទាត់ព្រៃវែងសម្រាប់រដូវកាល២០២១នៃក្របខណ្ឌកំពូលកម្ពុជាដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែមីនា ខាងមុខ។
គ្រូបង្វឹកហៅកាត់ថា “ដាត” មិនមែនជាមនុស្សថ្មីទេក្នុងបាល់ទាត់អាស៊ាន ដោយលោកធ្លាប់ដឹកនាំ U16 ថៃបានជើងឯករង AFF U16 Championship កាលឆ្នាំ២០១៨ នាក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ លោកថា មុនឈានជើងមកកម្ពុជា ក៏មានសំណើច្រើនដែរ តែបានបដិសេធមិនទទួល។
លោក Thongchai ត្រូវបានស្រង់សម្ដីដោយ ASEAN Football បែបនេះ “៖ខ្ញុំទទួលបានសំណើយ៉ាងច្រើន ប៉ុន្តែខ្ញុំសម្រេចចិត្តជ្រើសរើសព្រៃវែង ព្រោះគិតថា ជាជម្រើសដ៏ល្អបំផុត។ ខ្ញុំចង់ឃើញគ្រូបង្វឹកបាល់ទាត់ថៃកាន់តែច្រើននៅអាស៊ាន។”
គ្រូបង្គោលវ័យ៣៤ឆ្នាំក៏បាននាំយកគ្រូបង្វឹកចាំទី និងគ្រូកាយសម្បទាចូលរួមជាមួយលោកនៅព្រៃវែងអេហ្វស៊ីនេះដែរ។
គួរដឹងដែរថា ព្រៃវែងអេហ្វស៊ីបានឡើងទៅកាន់ក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២១ ក្រោយឈ្នះតំណែងជើងឯកក្របខណ្ឌទី២ រដូវកាល២០២០។
ភារកិច្ចដំបូងរបស់លោក Thongchai Rungreangles គឺដឹកនាំក្រុមព្រៃវែងក្នុងការប្រកួត Pre-Season Cup លើទឹកដីខ្លួនឯងពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈដែលមាន ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ, ក្លិបបាល់ទាត់អគ្គីសនី និងក្លិបបាល់ទាត់ វិសាខា ចូលរួម៕
រូបភាព ៖ Prey Veng FC