អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បន្តរកក្លឹបថ្មីលេងដើម្បីមូលហេតុសំខាន់មួយ
កាលពីសប្តាហ៍មុន អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បានប្រកាសអំពីចុះកុងត្រាជាមួយក្លឹប Portimonense ដែលជាក្លឹបថ្មីទី៩ក្នុងអាជីពរបស់ខ្លួនចំនួន៦ខែរហូតដល់ចប់រដូវកាលនេះ។
យ៉ាងណាក្តី បុរសជនជាតិជប៉ុនរូបនេះត្រូវបាន Portimonense បញ្ចប់កុងត្រាយ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីចុះកុងត្រាជាមួយគ្នាបានតែត្រឹមតែ៥ថ្ងៃតែប៉ុណ្ណោះ ពោលគឺដោយសារតែក្លិបនៅព័រទុយហ្គាល់មួយនេះមិនមានសិទ្ធចុះឈ្មោះរូបលោកឱ្យចូលរួមប្រកួតបាន។
ក្រោយបញ្ចប់កុងត្រា ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំកំពុងតែធ្វើការស្វែងរកក្លឹបថ្មីលេងភ្លាមៗផងដែរ ដោយគោលបំណងសំខាន់បំផុតរបស់ខ្លួនគឺការចង់មានឈ្មោះលេងឱ្យក្រុមសាម៉ូរ៉ៃជប៉ុនសារជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។
គួរឱ្យដឹងថា Keisuke Honda មិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Botafogo ដោយការបញ្ចប់កុងត្រាកាលពីចុងឆ្នាំមុន បន្ទាប់ពីមានការខ្វែងគំនិតគ្នា។