កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី ឡើងតំណែងមួយកម្រិតទៀតហើយ
កីឡាការិនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានឡើងតំណែងមួយកម្រិតទៀតហើយ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រាស់បង្គាប់តែងតាំង ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ ។
កីឡាការិនីជម្រើសជាតិកម្ពុជា ផ្នែក តៃក្វាន់ដូ ធ្លាប់ទទួលមេដាយសំរិទ្ធ ក្នុងកីឡាអាស៊ីអាគ្នេយ៍ Seagames នៅឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស នៅឆ្នាំ២០១៣ នៅប្រទេសភូមា ។
ស៊ន សៀវម៉ី ក៏បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូង។ នៅខែមេសា ឆ្នាំ២០១៦ ស៊ន សៀវម៉ី បានទទួលជោគជ័យ ដោយទទួលបានមេដាយមាស ក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូ នៅប្រទេសហ្វីលីពីន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ។
មន្ត្រីអង្គរក្ស រូបនេះក៏ទទួលបានមេដាយប្រាក់ ក្នុងការប្រកួតកីឡាតៃក្វាន់ដូ ទ្វីបអាស៊ី ដែលប្រារព្ធធ្វើឡើង នៅខែមេសា ឆ្នាំ២០១៦ ប្រទេសហ្វីលីពីន ផងដែរ ។ ក្នុងឆ្នាំ២០១៩ កីឡាការិនីកម្ពស់ ១.៨៣ រូបនេះ បានឈ្នះមេដាយមាស ជាលើកទី៣ នៅក្នុងការប្រកួតកីឡាតៃក្វាន់ដូ ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ៕