Vidal និយាយថាការប្រជែងដណ្តើមជើងឯកបានចាប់ផ្តើមបន្ទាប់ពី Inter ឈ្នះ Juventus
(BC-99)
ខ្សែបម្រើ Arturo Vidal របស់ក្លិប Inter Milan បានប្រកាសពីជ័យជម្នះលើក្រុម Juventus ដោយនិយាយថាពួកគេអាចប្រជែងយកពានបាននៅរដូវកាលនេះ។
ក្រោយពីបានស៊ុតបើកឆាកមួយគ្រាប់ដំបូងឱ្យ Inter Milan ដោយ Vidal នៅតង់ទី១នាទីទី ១២ ក្រុម Juventus មិនអាចតដៃអ្វីបានឡើយខណៈដែលនៅតង់ទី២នាទីទី៥២ Barella ជាអ្នកស៊ុតគ្រាប់យកឈ្នះ ២-០ ។
Vidal ដែលជាបុរសសំបូរវោហារបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖“ វាពិតជាសំខាន់សម្រាប់ខ្ញុំនិងសម្រាប់ក្រុមនេះទាំងមូល វាគឺជាការប្រកួតដ៏លំបាកមួយជាមួយក្រុមខ្លាំងបំផុតនៅអ៊ីតាលី។ ខ្ញុំពិតជារីករាយណាស់ដែលបានរកគ្រាប់បាល់ទី ១ របស់ខ្ញុំឱ្យ Inter ។ នៅថ្ងៃនេះយើងលេងបានយ៉ាងល្អ យើងបានបំពេញភារកិច្ចនៃការប្រកួតប្រជែងជើងឯក Scudetto ។ ជ័យជម្នះអម្បាញ់ម៉ិញនេះបានផ្តល់ឱ្យយើងនូវទំនុកចិត្តក្នុងការបន្តជំរុញការជឿជាក់ថាយើងអាចឈ្នះ Scudetto ដូចដែលយើងបានផ្តួលក្រុមខ្លាំងក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយនេះ។ យើងជឿជាក់ថាយើងអាចធ្វើអ្វីៗបានទាំងអស់” ។
ក្រោយពីការប្រកួតបញ្ចប់សប្តាហ៍ទី១៨នេះរួច Inter ឈរលើលេខរៀងទី២មាន៤០ពិន្ទុស្មើជាមួយក្រុមលេខ១ AC Milan ដែលនៅសល់មួយប្រកួតនៅក្នុងដៃ។