Lewandowski ថា ស៊ុតចូលនៅ World Cup នឹងក្លាយជាសុបិនដ៏ធំ
ការរកគ្រាប់បាល់បញ្ចូលទីក្នុងជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup គឺជាសុបិនដ៏ធំសម្រាប់ Robert Lewandowski។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំមិនទាន់រកគ្រាប់បាល់បញ្ចូលទីក្នុងព្រឹត្តិការណ៍ដ៏ធំនេះនៅឡើយទេ។ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញមិនបានលេង World Cup 2010 និង 2014 ហើយរកបានតែ២គ្រាប់ប៉ុណ្ណោះកាលឆ្នាំ២០១៨នៅរុស្ស៊ីដែលពួកគេបញ្ចប់នៅបាតតារាងវគ្គចែកពូល។
កីឡាករមកពី Barcelona ថ្លែងបែបនេះ “៖ ខ្ញុំគិតថា នេះជា World Cup ចុងក្រោយសម្រាប់ខ្ញុំហើយ។ ការរកគ្រាប់បាល់នៅ World Cup នឹងក្លាយជាសុបិនដ៏ធំសម្រាប់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមគ្រប់យ៉ាងដើម្បីសុបិនមួយនេះ។ ខ្ញុំសង្ឃឹមថា World Cup លើកនេះអាចធ្វើបាន។”
ប៉ូឡូញស្ថិតក្នុងពូល C ដែលត្រូវប៉ះម៉ិកស៊ីកូ ថ្ងៃទី២២ ខែវិច្ឆិកា, អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃទី២៦ ខែវិច្ឆិកា និងក្រុមជើងឯក២សម័យអាហ្សង់ទីន ថ្ងៃទី៣០ ខែវិច្ឆិកា៕