Shaw៖ កីឡាកររបស់ក្រុម Man Utd គាំងដោយសារការវាយលុករបស់ Liverpool
(BC-99)
ខ្សែការពារ Luke Shaw របស់ក្រុមបិសាចក្រហម Manchester United បានអះអាងថាទោះជាយ៉ាងណាក៏ក្រុមរបស់ខ្លួនលេងបានល្អណាស់ក្នុងការប្រកួតស្មើ ០-០ នៅទឹកដី Liverpool ។
ខ្សែការពារសញ្ជាតិ អង់គ្លេស រូបនេះបានធ្វើការការពារយ៉ាងដិតដល់បំផុតនៅក្នុងប្រអប់គ្រោះថ្នាក់របស់ខ្លួនពីការវាយលុកយ៉ាងសន្ធាប់របស់កីឡាករក្រុមហង្សក្រហម Liverpool – Mohamed Salah និង Sadio Mane ។
ក្រោយពីការប្រកួតចាប់សព្វគ្រប់ Luke Shaw បាននិយាយប្រាប់គេហទំព័ររបស់ក្លិប manutd.com ថា៖ “នេះគឺជាមូលហេតុដែលអ្នកមកលេងឱ្យក្លឹបមួយនេះគឺដើម្បីប្រជែងជាមួយកីឡាករឆ្នើម ៗ នៅក្នុងការប្រកួតដ៏ធំ។ ពួកគេទាំងពីរនាក់(Mohamed Salah និង Sadio Mane) ជាកីឡាករដ៏មានគ្រោះថ្នាក់ខ្លាំងណាស់។ ប៉ុន្តែយើងអាចទប់ទល់ជាមួយពួកគេបាន ខ្ញុំគិតថាមិនមែនមានតែខ្ញុំទេ យើងទាំងអស់គ្នាបានការពារបានយ៉ាងល្អនៅថ្ងៃនេះ។ ខ្ញុំពិតជាយល់ស្របនៅតង់ទី១ពួកយើងគ្រប់គ្រងទីលានមិនបានល្អទេដោយសារតែជាប់គាំងពីការវាយលុករបស់ម្ចាស់ផ្ទះ។ តែក្រោយពីបានសម្រាកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់រួចយើងក៏មានឱកាសល្អៗវិញនៅតង់ទី២ តែយើងនៅតែគ្មានសំណាងរកគ្រាប់បញ្ចូលទីបាន”។
ក្រុមទាំងពីរនឹងត្រូវបន្តយុទ្ធនាការណ៍របស់ខ្លួនជាបន្តទៀតនៅពាក់កណ្តាលសប្តាហ៍នេះដោយ Manchester United ត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Craven Cottage Fulham រីឯ Liverpool ធ្វើជាម្ចាស់ផ្ទះដដែលដោយត្រូវទទួលភ្ញៀវ Burnley ។