Arteta និយាយពីភាពស្មុគស្មាញក្នុងអំឡុងពេលដោះដូរកីឡាករនៅរដូវកាលនេះ
(BC-99)
Mikel Arteta ដឹងពីរបៀបនៃការកែលម្អក្រុម Arsenal នៅរដូវកាលនេះប៉ុន្តែលោកបានព្រមានថាទីផ្សារដោះដូរកីឡាករមានភាពស្មុគស្មាញណាស់នៅក្នុងបរិយាកាសបច្ចុប្បន្ន។
បើទោះជា Mesut Ozil អាចនឹងត្រូវបានផ្លាស់ប្តូរទៅកាន់ក្រុម DC United ឬ Fenerbahce ក៏ពិតមែនតែវានៅតែមិនទាន់បានកើតឡើងនៅឡើយទេដែលវាទំនងជាហេតុធ្វើឱ្យកាំភ្លើងធំខ្វះធនធានទិញយកកីឡាករដែលខ្លួនចង់បានដែលក្នុងនោះក៏មានខ្សែបម្រើ Julian Brandt របស់ Borussia Dortmund ផងដែរ។
កង្វះខាតប្រាក់ចំណូលដែលបណ្តាលមកពីជំងឺកូវីតនិងការលក់កីឡាករមិនទាន់បានសម្រេចបែបនេះបានធ្វើឱ្យក្រុម Arsenal ដែលកំពុងដឹកនាំដោយលោក Mikel Arteta ងាកមករកខ្ចីបុលពីធនាគារអង់គ្លេសចំនួន ១២០ លានផោនដើម្បីយកទៅទូទាត់ការចំណាយទិញកីឡាករថ្មីចូលបន្ថែមវិញ។
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះបាននិយាយប្រាប់អំពីផលវិបាករបស់ក្លិបខ្លួននាពេលនេះថា៖“នៅពេលនេះទីផ្សារពិតជាមានភាពស្មុគស្មាញហើយស្ថានភាពនៅជុំវិញក្លិបនីមួយៗមិនងាយស្រួលទេ។ ដើម្បីឱ្យការចរចាដំណើរការទៅវាមិនងាយស្រួលដូចការគិតទេ វាមានការលំបាកជាងមុនពីព្រោះអ្នកមិនអាចធ្វើដំណើរទៅប្រទេសផ្សេងដើម្បីនិយាយទល់មុខគ្នាបានឡើយ។ ការចង់ទិញ-លក់កីឡាករណាម្នាក់ខ្ញុំគិតថាវាពិតជាស្មុគស្មាញណាស់”។