ទេស សម្បត្តិ ៖ យើងត្រូវកែចំណុចពីរពេលលេង AFC Cup
ខ្សែការពាររបស់ក្លិប បឹងកេត កីឡាករ ទេស សម្បត្តិ បានលើកឡើងថាក្លិបរបស់កម្ពុជាយើងមិនសូវបានជោគជ័យ នោះទេ ក្នុងការចូលរួមកន្លងមក ហើយសម្រាប់ក្លិប បឹងកេត ដែលត្រូវចូលរួមក្នុងពានរង្វាន់ AFC Cup ខាងមុខនេះយើងត្រូវកែចំណុច ពីរ អោយកាន់តែល្អប្រសើរបន្ថែមទៀត ។
អតីតយុវជនសាលាបាល់ទាត់បាទីបានបញ្ជាក់ថា សម្រាប់ការយល់ឃើញរបស់ខ្ញុំចំណុចដែលយើងត្រូវកែប្រែបន្ថែមនៅពេលលេងក្នុងពានរង្វាន់ AFC Cup ដែលជាពានរង្វាន់ធំលំដាប់ទី២ នៅអាស៊ីគឺ ៖
ទី១ ៖ ឆន្ទៈ
ឆន្ទៈ គឺពិតជាសំខាន់ណាស់សម្រាប់កីឡាករគ្រប់គ្នាពេលលេងលើទីលាន ដូចនេះក្រុមកម្រិត AFC សុទ្ធតែខ្លាំងៗ យើងពិបាកក្នុងការប្រកួតប្រជែងជាមួយគេ ដូចនេះត្រូវប្រើឆន្ទៈលេងអោយខ្លាំងបំផុត ពោលគឺ១០០ភាគរយគ្រប់គ្នាគ្រប់ពេល ទោះបីលទ្ធផលបែបណាក៏ដោយ ។
ទី២ ៖ ការសហការគ្នាជាក្រុម
ក្រុមរបស់យើងមិនទាន់បានសហការគ្នាជាក្រុមបានល្អនោះទេ ទោះបីយើងជោគជ័យនៅ លីគក៏ដោយ ការសហការគ្នាជាក្រុមពិតជាសំខាន់ណាស់ទាំងកីឡាករខ្មែរ និងកីឡាករបរទេស ។ ក្រុមដែលចូលរួមពានរង្វាន់ AFC Cup ភាគច្រើនលេងលឿនៗ និងសហការគ្នា បានល្អណាស់ ដូចនេះយើងត្រូវសហការគ្នាអោយបានល្អបំផុតក្នុងការលេងជាមួយក្រុមទាំងនោះ ។
ខ្សែការពារ ទេស សម្បត្តិ បានចូលរួមជាមួយបឹងកេតពីសាលាបាល់ទាត់ជាតិបាទី នៅចុងឆ្នាំ២០១៨ ដោយបានជួយក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩ និងពានរងង្វាន់លីគកំពូលក្នុងឆ្នាំ ២០២០ នេះផងដែរ ។
ក្នុងនាមជាក្រុមជើងឯកលីគកំពូលបាល់ទាត់កម្ពុជាប្រចាំឆ្នាំ ២០២០ ក្លិប បឹងកេត ត្រូវបានឆ្លងទៅវគ្គចែកពូល ដោយស្វ័យប្រវិត្តក្នុងពានរង្វាន់ AFC Cup 2021 ដោយត្រូវជួបក្រុមខ្លាំងក្នុងតំបន់អាស៊ាន ផងដែរ ៕