Bruno Fernandes ព្រមានដល់ក្រុមរបស់ខ្លួនកុំឱ្យធ្វើកំហុសដដែលៗ
(BC-99)
កីឡាករ Bruno Fernandes របស់ក្រុមបិសាចក្រហមបាននិយាយថាពួកគេចាំបាច់ត្រូវតែឈប់ធ្វើនូវ កំហុសដដែលៗ ក្រោយពេលដែលពួកគេបានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup។
ខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ រូបនេះបានឆ្លងកាត់បរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ៣ ក្នុងរយៈពេលតិចជាងមួយឆ្នាំចាប់តាំងពីរូបគេបានចូលខ្លួនជាសមាជិករបស់ក្រុមបិសាចក្រហម Manchester United ។
កាលពីរាត្រីថ្ងៃពុធកន្លងទៅបន្ទាប់ពីក្រុមរបស់លោក Ole Gunnar Solskjaer បានរងបរាជ័យក្នុងលទ្ធផល ២-០ ដោយក្រុមអ្នកជិតខាង Manchester City ក្នុងព្រឹត្តិការណ៍ Carabao Cup រួចមក Fernandes បានបង្ហោះលើបណ្តាញសង្គមថា“ ខ្ញុំពិតជាសោកស្តាយនិងខកចិត្តជាខ្លាំងដែលមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ យើងមានរបៀបប្រយុទ្ធជាច្រើនទៀតប៉ុន្តែយើងត្រូវតែរៀននិងយល់ថាយើងមិនអាចធ្វើកំហុសដដែលៗទៀតទេ។ យើងត្រូវតែប្រឹងប្រែងបន្ថែមទៀតដើម្បីអាចប្រជែងដណ្តើមពានរង្វាន់ឱ្យបាន!”
នៅរាត្រីថ្ងៃអង្គារ៍ខាងមុខនេះក្រុម Manchester United នឹងត្រូវប្រកួតបង្គ្រប់សប្តាហ៍ដែលនៅសល់របស់ខ្លួនជាមួយក្រុម Burnley ។ ប្រសិនបើពួកគេរកជ័យជម្នះឃើញ ពួកគេនឹងឡើងទៅឈរលើកំពូលតារាង Premier League ដោយនាំមុខគូប្រជែង ហង្សក្រហម ចំនួន៣ពិន្ទុ។