
ក្លិបបាល់ទាត់កីឡាករ Honda ប្រកាសនាំចូលកីឡាករខ្មែរ៥នាក់
ក្លិបបាល់ទាត់ សូលទីឡូអង្គរ ដែលជារបស់កីឡាករលំដាប់ពិភពលោក Keisuke Honda ដែលបានបង្កើតឡើងនៅទឹកដីកម្ពុជាបានប្រកាសអំពីការនាំចូលកីឡាករខ្មែរចំនួន៥នាក់ដើម្បីត្រៀមប្រកួតប្រជែងលីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ដែល គ្រោងចាប់ផ្តើមនៅខែ មិនា ឆ្នាំ ២០២១ ខាងមុខនេះ ។
កីឡាករដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បានចុះកិច្ចសន្យានេះសុទ្ធតែជាកីឡាករដែលមិនសូវមានបទពិសោធលេងនៅក្លិបធំៗក្នុងលីគនោះឡើយ ដោយភាគច្រើនជាយុវជននៅក្នុងខេត្ត និងជាប់ចំពោះការធ្វើតេស្ថសមត្ថភាពដើម្បី នាំយកមកបណ្តុះបណ្តាលបន្ថែម ។ កីឡាករទាំង ៥នាក់រួមមាន ៖ កីឡាករ សម្បិត្ត សុធារ៉ា , គង់ ស្រស់ , ធឿង ណាថាមុ៉ន , ម៉ន រ៉ាវុទ្ធី និង ប៊ូ សុខហេង ។
ក្នុងរដូវកាលថ្មីនេះក្លិបបាល់ទាត់ដែលមានម្ចាស់ជាកីឡាករបាល់ទាត់ជប៉ុន មិនទាន់នាំចូលកីឡាករល្អៗនោះទេសម្រាប់កីឡាករបរទេស ខណៈក្រោយចប់រដូវកាល ២០២០ មានកីឡាករបរទេសនិងកីឡាករខ្មែរមួយចំនួនត្រូវបានចប់កិច្ចសន្យា ។
ក្លិបបាល់ទាត់ សូលទីឡូអង្គរ កាលពីរដូវកាល ២០២០ បានបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ១១ នៅលើតែក្រុម២ ប៉ុណ្ណោះគឺ អគ្គិសនីកម្ពុជា និង យុវជនបាទី ដោយឆ្លងកាត់ការប្រកួតចំនួន១៨ ក្នុងនោះឈ្នះ ៣ ស្មើ ២ និងចាញ់ ១៣ មាន ១១ ពិន្ទុ ៕