ប៊ុន សុធា ថាប៉ះ អេ ណារ័ត្ន ជាប្រកួតសំខាន់ឆ្ពោះទៅដណ្តើមខ្សែក្រវាត់ជាមួយ បឺត សង្ឃឹម
អ្នកប្រដាល់វ័យក្មេង ប៊ុន សុធា បានចាត់ទុកជំនួបជាមួយកីឡាករ អេ ណារ័ត្ន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសប្តាហ៍នេះ ជាការប្រកួតដ៏សំខាន់សម្រាប់រូបគេក្នុងការឆ្ពោះទៅដណ្តើមខ្សែក្រវាត់កម្មវិធី កម្ពុជាសង្វៀន គុនខ្មែរ នាពេលខាងមុខនេះ ។កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា រូបគេហាត់ជាប្រចាំទោះបីមិនមានកម្មវិធីប្រកួតក៏ដោយ ពីព្រោះការប្រកួតជាមួយ អេ ណារ័ត្ន សំខាន់ណាស់សម្រាប់រូបគេដើម្បីឈាន ទៅដណ្តើមខ្សែក្រវាត់ ។
ប្រវិត្តនៃការប្រកួតជាមួយគ្នាចំនួនពីរដងកន្លងមក ប៊ុន សុធា ឈ្នះម្តង និងស្មើគ្នា ម្តង ហើយសម្រាប់ការប្រកួតលើកទី៣ នេះនរណាឈ្នះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីប្រកួតដណ្តើម ពានរង្វាន់ជាមួយអ្នកឈ្នះរវាងការប្រកួត សេក គឹមសាន្ត និង លាភ សំណាង ។
មុនឈានដល់វគ្គនេះ ប៊ុន សុធា បានផ្តួលកីឡាករ ប៉ុក វិបុល ត្រឹមទឹកទី២ ខណៈកីឡាករ អេ ណារ័ត្ន បានផ្តួលកីឡាករ ពុទ្ធ ភារិន្ធ ត្រឹមទឹកទី១ តែប៉ុណ្ណោះ ។ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជាសង្វៀនគុនខ្មែររវាង ប៊ុន សុធា ប៉ះ អេ ណារ័ត្ន និង សេក គឹមសាន្ត ជួប លាភ សំណាង នឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ។ សូមបញ្ជាក់ថា អ្នកក្លាយជាម្ចាស់ជើងឯកក្រុមទី២ នេះនឹងឡើងទៅដណ្តើមខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ៦០០០ ដុល្លារជាមួយ បឺត សង្ឃឹម ដែលជាម្ចាស់ជើងឯកក្រុមទី១ ដែលបានយកឈ្នះ វ៉ាន់ វឿន កាលពីសប្តាហ៍មុន ៕