
ជំនួបបិទរដូវកាល តំបន់ទី២ អង្គរថាយហ្គឺរ រកបានពិន្ទុឈរលើគេ
ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នំា២០២០ បានបញ្ចប់នាតំបន់ទី២ (គេចពីកាត់ទៅលីគទី២) ជាស្ថាពរដោយក្រុម អង្គរថាយហ្គឺរ រកបានពិន្ទុច្រើន ហើយឈរលើគេ បន្ទាប់ពីយកឈ្នះ សូលទីឡូអង្គរ ដោយលទ្ធផល ៥ ទល់ ២ នាទឹកដីសៀមរាប នាទីលានកីឡដ្ឋានអេស អរ យូ។
ក្រៅពីជំនួបនាខេត្តសៀមរាប ក្រុមគីរីវង់សុខសែនជ័យ បានយកឈ្នះ អាសុីអឺរ៉ុប យូណាធីត ៣ ទល់ ១ ស្របពេលដែល យុវជនសាលាបាល់ទាត់ជាតិបាទី បានត្រឹមស្មើ អគ្គិសនីកម្ពុជា ១ ទល់ ១ ។ ធ្វើអោយក្រុមនាស្រុកបាទីមួយនេះ ត្រូវទៅលេងនាលីគលំដាប់ទី២ នៅរដូវកាលក្រោយ បន្ទាប់ពីឆ្លងកាត់ ១៨ ប្រកួត មានត្រឹម ៦ ពិន្ទុក្នុងដៃ ចំណែក អង្គរថាយហ្គឺរ មានដល់ទៅ ៣៦ ពិន្តុខ្ពស់ជាងគេ ក្នុងចំណោមក្រុមទាំង ៧ នាដំបន់ទី២នេះ បើប្រៀបទៅតំបន់ទី១ ចាញ់តែក្រុមដណ្តើមពានប៉ុណ្ណោះ ពោលគឺស្ថិតនៅលេខ៣ ក្រោម បឹងកេត និង ព្រះខ័នរាជស្វាយរៀង។
សូមបញ្ជាក់ផងដែរថា ពានរង្វាន់លីគកំពូលកម្ពុជា និងស្វែងរកម្ចាស់ជើងឯកនាថ្ងៃស្អែក ដោយ បឹងកេត ត្រូវការឈ្នះ ឫស្មើជាមួយ ភ្នំពេញក្រោន ដើម្បីលើកពានបាន ខណៈដែល ព្រះខ័នរាជស្វាយរៀង ត្រូវតែឈ្នះ ណាហ្គាវើលដ៍ ជាចាំបាច់ បើសិនជា បឹងកេត បរាជ័យ នោះអាចលើកពានរដូវកាល២០២០នេះ៕