Lukaku ធ្លាប់បានបញ្ចុះបញ្ចូល Young និង Alexis ឱ្យចូលរួមជាមួយ Inter Milan
(BC-99)
Romelu Lukaku គឺជាអ្នកដែលបានបញ្ចុះបញ្ចូលឱ្យ Ashley Young និង Alexis Sanchez ចាកចេញពីក្រុម Manchester United ដោយបាននិយាយថា Inter Milan មានបរិយាកាសសប្បាយរីករាយជាង។
កីឡាករបែលហ្ស៊ិករូបនេះបានចាកចេញពី Old Trafford ទៅចុះកុងត្រាជាមួយក្លិប Inter Milan ក្នុងឆ្នាំ ២០១៩ ដោយគ្រប់គ្នាយល់ថាដើមហេតុនៃការចាកចេញនេះគឺបណ្តាលមកពីមានបញ្ហាគាបសង្កត់ផ្លូវចិត្ត។ ក្រោយពីនោះ Alexi Sanchez ក៏បានក្លាយជាកីឡាករអចិន្ត្រៃយ៍របស់ Inter Milan ក្រោយពីខ្ចីជើងមួយរដូវកាលនិង Ashley Young ក៏បានក្លាយជាកីឡាកររបស់ក្លិបនៅ Italy នេះផងដែរ។
សារព័ត៌មាន La Repubblica បាននិយាយថា Lukaku ធ្លាប់បាននិយាយបញ្ចុះបញ្ចូលឱ្យអ្នកទាំងពីររំភើបចិត្តដោយអះអាងថាជីវិតនៅ Inter គឺអស្ចារ្យជាងនៅជាមួយក្រុមបិសាចក្រហមឆ្ងាយខ្លាំងណាស់។ សារព័ត៌មាននេះបានបញ្ជាក់បន្ថែមថាបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុមបិសាចក្រហមបានក្លាយទៅជាមានភាពអាប់អួរដោយសារតែក្រុមមួយនេះបានបំបែកទៅក្រុមតូចៗទៀត ជាពិសេសគឺពួកគេចាប់ផ្តើមមិនសប្បាយចិត្តដោយសារតែប្រាក់ឈ្នួលខ្ពស់របស់ Sanchez តែម្តង។
គួរឱ្យដឹងដែរថាចាប់តាំងពី Man Utd បានលក់ Lukaku និងអតីតកីឡាករខ្សែការពារមួយចំនួនចេញពីក្រុមមក ក្លិបមួយនេះកំពុងតែរងបញ្ហាចោទជាខ្លាំង ជាពិសេសការប្រកួត៣លើកដំបូងនៅដើមរដូវកាលនេះពួកគេទើបរកបានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។