ឮថា Man UTD គ្រោងដកតំណែងលោក Solskjaer
ថ្នាក់ដឹកនាំ Manchester United កំពុងពិចារណាពីលទ្ធភាពនៃការនាំយកលោក Mauricio Pochettino ទៅដឹកនាំ Manchester United។
ប្រភពពី the Mirror ឲ្យដឹងថា អនុប្រធានក្លិប លោក Ed Woodward បានត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការដកតំណែងលោក Ole Gunnar Solskjaer ។ សេណារីយ៉ូនេះនឹងកើតឡើងប្រសិនបើបិសាចក្រហមបន្តលេងមិនល្អនាពេលខាងមុខ។
Man UTD លេង៣ប្រកួតនៅ Premier League ចាប់តាំងពីបើករដូវកាលថ្មី តែបានត្រឹម៣ពិន្ទុពីការឈ្នះ Brighton & Hove Albion តែចាញ់ Crystal Palace និង Tottenham Hotspur។
បច្ចុប្បន្ន ពួកគេស្ថិតនៅលំដាប់ទី ១៦។ លទ្ធផលនេះធ្វើឲ្យថ្នាក់ដឹកនាំបារម្ភ ហើយប្រសិនបើនៅតែមិនល្អ នោះនឹងអស់ការប្រជែងជើងឯក។
ថ្នាក់ដឹកនាំ Man UTD ត្រូវបានគេនិយាយថាបានទាក់ទងគ្រូបង្វឹក Pochettino ។ បុរសជនជាតិអាហ្សង់ទីនកំពុងទំនេរក្រោយចេញពី Tottenham។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានបង្ហាញថា បន្ទាប់ពីបរាជ័យ ១-៦ ដោយសារ Tottenham Hotspur កីឡាករបិសាចក្រហមចាប់ផ្ដើមមានមន្ទិលចំពោះសមត្ថភាព លោក Solskjaer៕