វីរបុរសរបស់ Arsenal ទទូចអោយអតីតកីឡាករ Patrick Viera មកជំនួសតំណែងរបស់លោក Unai Emery
(BC-99)
អតីតតារាបាល់ទាត់និងជាវីរបុរសក្រុមកាំភ្លើងធំដែលរួមមាន Emmanuel Petit, Ray Palour, David Seaman និងលោក Alan Smith សុទ្ធតែមានគំនិតសុទិដ្ឋិនិយមក្នុងការចង្អុលបង្ហាញអោយអតីតខ្សែការពារ Patrick Viera ធ្វើជាអ្នកចាត់ការទូរទៅរបស់ក្លឹបមួយនេះ។
ក្រោយពីបានបណ្តេញលោក Unai Emery ចេញពីមុខតំណែង ក្រុមកាំភ្លើងធំដែលមានទីតាំងឋិតនៅរាជធានី London ក៏បានសម្រេចចិត្តតែងតាំងអតីតកីឡាកររបស់ខ្លួន Freddie Ljungberg ជាអ្នកចាត់ការទូរទៅជាបណ្តោះអាសន្នដើម្បីជួយទប់ទល់ស្ថានការណ៍ដែលកំពុងតែមានសភាពយ៉ាប់យ៉ឺនរបស់ក្រុម។ មានអតីតអ្នកចាត់ការមួយចំនួនដែលកំពុងតែឋិតក្នុងបញ្ជីសម្រាំងយកមកកាន់កាប់កៅអីដែលនៅទំនេរមួយនេះដោយមានទាំងអតីតគ្រូបង្វឹករបស់ Spurs Muarico Pochettino ផងដែរ។
ក៏ប៉ុន្តែក្រុមអតីតកីឡាកររបស់កាំភ្លើងធំដែលមានដូចជា Emmanuel Petit, Ray Palour, David Seaman និង Alan Smith បានមើលឃើញដូចៗគ្នាថា Arsenal គួរតែប្រគល់អសនៈដែលនៅទំនេរនេះទៅអោយអតីតកីឡាកររបស់ខ្លួនគឺ Patrick Viera វិញ។ មូលហេតុដែលពួកគេបានផ្តល់ជាសុច្ចនករបែបនេះក៏ព្រោះថា Patrick Viera បច្ចុប្បន្នកំពុងតែមានមុខងារជាអ្នកចាត់ការទូរទៅស្រាប់របស់ក្លឹបបាល់ទាត់ Nice នៅក្របខណ្ឌបារាំង Ligue 1 ។ ហេតុដូចនេះគាត់មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងនាមជាអ្នកដឹកនាំ មួយវិញទៀត Patrick Viera ប្រាកដជាដឹងថាអ្វីដែល Arsenal ចង់បាន។ តាមរយៈបទពិសោធន៍ជួយអោយកាំភ្លើងធំឈ្នះពាន Premier League ៣សម័យនិង FA Cup ៣សម័យដែរនោះ ប្រាកដណាស់ Patrick Viera មុខជាជួយអោយ Arsenal រកឃើញនូវអ្វីដែលគេចង់បាន។
ទោះជាការលើកឡើងនេះមានភាពត្រឹមត្រូវដល់កម្រិតណាមួយក៏ដោយចុះក៏គេមិនទាន់ឃើញមានការឆ្លើយតបវិញចំពោះការចង្អុលបង្ហាញពីអតីតកីឡាករកាំភ្លើងធំទាំងនេះដែរ។ ដោយឡែកនៅសប្តាហ៍នេះ Ljungberg នឹងដឹកនាំក្រុមទៅប្រកួតជាមួយម្ចាស់ផ្ទះ Norwich City ខណៈដែលរំលងបាន៣ថ្ងៃពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួល Brighton វិញម្តងមុននឹងពួកគេធ្វើដំណើរទៅប្រកួតជាមួយ West Ham នៅ៥ថ្ងៃបន្ទាប់មកទៀត។