វីរបុរសManUTDម្នាក់ថាក្លិបមិនអាចឈ្នះជើងឯកទេបើនៅប្រើMartial
វីរបុរស Manchester United លោក Teddy Sheringham អះអាងថា ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាល Anthony Martial មិនបានរកគ្រាប់បាល់គ្រប់គ្រាន់ដើម្បីនាំបិសាចក្រហមឈានទៅជើងឯក Premier League ឡើយ។
ថ្មីៗនេះ Martial បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំប្រចាំក្លិប បន្ទាប់ពីរកគ្រាប់បាល់បាន២៣គ្រាប់ក្នុងការបង្ហាញខ្លួន ៤៨ ប្រកួត។
ទោះយ៉ាងណា Sheringham ជឿជាក់ថា Man United ត្រូវការខ្សែប្រយុទ្ធឆ្នើមម្នាក់បន្ថែមទៀតប្រសិនបើពួកគេចង់ប្រជែងជើងឯកលីកលើកដំបូងចាប់តាំងពីរដូវកាលចុងក្រោយក្រោមការដឹកនាំពីលោក Sir Alex Ferguson កាលពីឆ្នាំ ២០១៣។
ថ្លែងទៅកាន់ Goal លោក Sheringham បាននិយាយថា “៖ Manchester United នឹងមិនឈ្នះពានរង្វាន់នេះជាមួយនឹង Anthony Martial ដែលជាខ្សែប្រយុទ្ធលេខ ៩ របស់ពួកគេឡើយ។ នៅពេលអ្នកលេងនៅក្លិបបែបនេះ ការរកគ្រាប់បាល់បាន២០គ្រាប់ឡើងក្នុងមួយរដូវគឺល្អ តែក៏ត្រូវមើលអ្នកដែលអាចរកបានពីចន្លោះ៣០ទៅ៣៥គ្រាប់។ តើ Martial អាចធ្វើបានទេ? ខ្ញុំមិនប្រាកដទេ។”
អតីតខ្សែប្រយុទ្ធរួមចំណែកឈ្នះជើងឯក UEFA Champions League ជាមួយបិសាចក្រហម ឆ្នាំ១៩៩៩បន្ថែម“៖ពួកគេមិនមែនជាបេក្ខជនដណ្តើមជើងឯកនៅឡើយទេ។ អ្នកត្រូវការកីឡាករកំពូលៗទាំងអស់នៅលើទីលាន។ នោះជាអ្វីដែល Liverpool មាន, នោះជាអ្វីដែល Man City ទទួលបាន។ Chelsea ក៏កំពុងតែព្យាយាមធ្វើដែរ។”