Luke Shaw ប្រាប់អោយម្ចាស់ក្លិបទិញកីឡាករថ្មីបន្ថែមមកជួយក្រុម
(BC-99)
Luke Shaw បានចេញមុខមកទទូចសុំអោយម្ចាស់ក្លិបបិសាចក្រហមទិញកីឡាករបន្ថែមមកពង្រឹងក្រុមបន្ទាប់ពីចាញ់ Crystal Palace កាលពីថ្ងៃសៅរ៍។
បន្ទាប់ពីក្រុមបិសាចក្រហម Manchester United របស់ខ្លួនបានចាញ់ការប្រកួតក្នុងថ្ងៃបើឆាករដូវកាលថ្មីដោយក្រុម Crystal Palace ១-៣ នៅ Old Trafford បានធ្វើអោយខ្សែការពារ Luke Shaw មានក្តីរន្ធត់ចិត្តនិងបាននិយាយប្រាប់អ្នកសារព័ត៌មានដោយមិនលាក់លៀមថា “តាមពិតទៅក្រុមយើងល្អណាស់។ ប៉ុន្តែដោយផ្ទាល់ខ្ញុំគិតថាយើងត្រូវការកីឡាករបន្ថែមទៀតដើម្បីពង្រឹងក្រុម។ វាអាចផ្តល់កម្លាំងចិត្តដល់យើង។ នៅពេលអ្នកក្រឡេកមើលពីរបៀបដែលក្រុមផ្សេងទៀតកំពុងពង្រឹងក្រុមរបស់ពួកគេនោះយើងក៏ត្រូវធ្វើវាអោយបានដូចជាក្រុមដទៃទៀតដែរ។ កាលពីរដូវកាលមុន ពួកយើងគឺជាក្រុមដែលល្អមួយ យើងបានលេងដោយភាពសហការគ្នាមិនមែនជារបៀបដែលយើងបានលេងដូចកាលពីម្សិលម៉ិញនេះទេ។ ម្ចាស់ក្លិបគួតែគិតពីគុណភាពកីឡាករដែលអាចឈ្នះការប្រកួតនិងលទ្ធភាពនៃការប្រជែងយកពានរង្វាន់ផ្សេងៗនៅរដូវកាលនេះ”។
គួរបញ្ជាក់ដែរថាមានមតិមិនពេញចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រក្លិបបិសាចក្រហមទូទាំងពិភពលោកសម្រាប់ការបើកឆាកប្រកួតបើករដូវកាលដ៏អាក្រក់បែបនេះ។ ដាច់ដោយឡែកសម្រាប់អ្នកគាំទ្រដៃឆៅដែលមានមូលដ្ឋាននៅអង់គ្លេសវិញបានព្រលយពាក្យពីការជួបជុំគ្នាធ្វើបាតុកម្មធំមួយឬក៏ជាករគំរាមជាថ្មីមួយទៀតដូចដែលពួកគេធ្លាប់បានធ្វើវារួចមកហើយទៅលើលោក Ed Woodward ដែលជាក្បាលម៉ាស៊ីនក្លិបបន្ទាប់ពីបងប្អូនត្រកូល Glazers ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ។