ក្រុម AC Milan និង Napoli ធ្វើការកាន់ទុក្ខមរណភាពប្អូនស្រីរបស់លោក Gattuso
(BC-99)
ក្រុម AC Milan និង Napoli បានធ្វើការកាន់ទុក្ខដល់ប្អូនស្រីរបស់លោក Gennaro Gattuso នាង Francesca ដែលបានទទួលមរណភាពក្នុងអាយុ ៣៧ ឆ្នាំ។
Francesca ដែលជាលេខាក្រុម AC Milan បានធ្លាក់ខ្លួនឈឺកាលពីដើមខែកុម្ភៈហើយ Gattuso ដែលជាបងប្រុសក៏បានសុំច្បាប់មកមើលអាការៈប្អូនស្រីរបស់ខ្លួនដែរបន្ទាប់ពីបានដឹកនាំក្រុមប្រកួតឈ្នះ ៤-២ លើ Sampdoria នាពេលកន្លងទៅនេះ។ បើយោលទៅតាមសារព័ត៌មានដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃអង្គារនេះថា Gattuso ត្រូវបានគេជូនដំណឹងអំពីការស្លាប់របស់នាង Francesca នាអំឡុងពេលដែលលោកកំពុងដឹកនាំក្រុម Napoli ធ្វើការហ្វឹកហាត់។
ក្រុម AC Milan បានបញ្ជាក់ពីព័ត៌មាននៃការស្លាប់របស់នាងជាមួយនឹងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្តាញសង្គម Twitter ថា “ដោយមិនអាចប្រឈមមុខនឹងជំងឺដ៏ធ្ងន់ធ្ងរបាន Francesca Gattuso បានធ្វើដំណើរទៅទីសុកគតិដោយមិនត្រឡប់ឡើយ។ វាជាការឈឺចាប់ដ៏ធំធេងរបស់យើង យើងសូមចូរួមរំលែកទុកដល់ក្រុមគ្រួសារដែលកំពុងតែមានអារម្មណ៍សោកស្តាយនូវការបាត់បង់ដ៏ធំធេងបែបនេះ”។
ដោយឡែកក្រុម Napoli តាមរយៈនាយកក្លឹបលោក Aurelio De Laurentiis ក៏បានចូលរួមកាន់មរណទុក្ខនេះផងដែរដោយបានសរសេរលើគេហទំព័រក្លឹបថា “ខ្ញុំ Aurelio De Laurentiis ជាមួយប្រពន្ធ Jacqueline និងកូន Luigi, Edoardo និង Valentina អ្នកគ្រប់គ្រងបុគ្គលិកបច្ចេកទេសក្រុមទាំងអស់នៃ Napoli និងក្រុមហ៊ុនសម្ព័ន្ធ Filmauro សូមសម្តែងនូវការសោកស្តាយនិងចូលរួមរម្លែកការឈឺចាប់យ៉ាងខ្លាំងជាទីបំផុតជាមួយ Gattuso សម្រាប់ការបាត់បង់ប្អូនស្រីជាទីស្រឡាញ់ Francesca ។ យើងទាំងអស់គ្នានៅជិតអ្នកដោយក្តីស្រឡាញ់ពីបេះដូង” ។