ក្រោយបន្តកុងត្រាថ្មី Ole រំពឹងថា Ighalo អាចសម្រេចក្តីស្រម៉ៃឈ្នះពានជាមួយ Man United បាន
កាលពីម្សិលមិញ Manchester United បានប្រកាសអំពីការឈានដល់កិច្ចព្រមព្រៀងក្នុងការខ្ចីជើងរបស់អតីតខ្សែប្រយុទ្ធ Odion Ighalo បន្តរហូតដល់ខែមករាឆ្នាំ២០២១។
ក្រោយសម្រេចការបន្តកុងត្រាថ្មី គ្រូបង្វឹក Ole Gunnar Solskjaer បាននិយាយថា៖ “នេះគឺជារឿងល្អដែល Odion បន្តនៅជាមួយយើង ព្រោះនេះគឺជាក្តីស្រម៉ៃរបស់គេ ហើយខ្ញុំសង្ឃឹមថាគេនឹងអាចបញ្ចប់ភារកិច្ចរបស់គេបានដោយជោគជ័យ ដោយឈ្នះពានរង្វាន់ជាមួយយើងបាន។”
កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩ ខណៈក្របខ័ណ្ឌ Premier League បានប្រកាសត្រឡប់មកវិញនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ។
គួរឱ្យដឹងថា តាមកិច្ចសន្យា អតីតសមាជិក Watford ខាងលើត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញកាលពីម្សិលមិញដោយរូបគេត្រូវត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super League ដែលគ្រោងនឹងដំណើរការឡើងវិញផងដែរ ក្រោយវីរុសកូវីដ១៩ស្ងប់ស្ងាត់។