លោក Bielsa សន្យាថាមិនទៅណាចោល Leeds ឡើយ!
(BC-99)
Marcelo Bielsa បានបញ្ជាក់ថាគាត់នឹងស្នាក់នៅជាមួយ Leeds សម្រាប់រដូវកាលដំបូងរបស់ពួកគេនៅ Premier League ដោយមិនមានគំនិតចង់បែកបែទៅរកក្រុមថ្មីណាឡើយ។
បុរសជនជាតិ អាហ្សង់ទីន រូបនេះបានដឹកនាំក្រុម Leeds United ឱ្យឡើងទៅកាន់ក្របខណ្ឌកំពូលរបស់ អង់គ្លេស ជាលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំជាប្រវត្តិសាស្រ្តរបស់ក្លិបនេះកាលពីខែកក្កដាកន្លងទៅ។
Leeds បាននិយាយថាកិច្ចព្រមព្រៀងថ្មីត្រូវបានធ្វើឡើងហើយប៉ុន្តែគេមិនទាន់បានធ្វើការប្រកាសជាផ្លូវការនុះទេ។ ទោះយ៉ាងណានៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅមុនការប្រកួតបើករដូវកាលនាថ្ងៃសៅរ៍ខាងមុខជាមួយក្រុមហង្សក្រហម Liverpool លោក Bielsa បាននិយាយថា “ខ្ញុំនឹងធ្វើការជាមួយ Leeds United នៅរដូវកាលក្រោយទៀត។ អ្វីៗគ្រប់យ៉ាងយើងបានរៀបចំរួចអស់ហើយ។ វាច្បាស់ណាស់ថាខ្ញុំនឹងនៅទីនេះនៅរដូវកាលក្រោយ”។
Bielsa ដែលឋិតក្នុងវ័យ ៦៥ ឆ្នាំត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងរបស់ Leeds នៅរដូវក្តៅឆ្នាំ ២០១៨ ប៉ុន្តែលោកធ្វើមិនបានជោគជ័យក្នុងការជួយអោយក្រុមនេះឡើងមកកាន់ក្របខណ្ឌកំពូលនៅឆ្នាំនោះឡើយដោយសារតែថ្លោះធ្លោយចាញ់ក្រុម Derby ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តែទីបំផុតលោកនៅតែបជួយអោយ Leeds United ដែលធ្លាប់មានប្រវត្តិខ្លាំងកាលពី២០ឆ្នាំមុនអាចវិលត្រឡប់មកកាន់ Premier League សារជាថ្មីតាមរយៈការឈ្នះជាជើងឯក League Championship រដូវកាល ២០១៩/២០ យ៉ាងងាយដោយមាន ១០ ពិន្ទុដាច់ពីក្រុមលេខ២ Westbromwich។
និយាយអំពីការធ្វើដំណើរទៅកាន់ទឹកដី Anfield នៅថ្ងៃសៅរ៍ដើម្បីជួបជាមួយក្រុមជើងឯករបស់លោក Jurgen Klopp ឯណេះវិញលោក Bielsa បានលើកឡើងដែរថា “ វាជាការប្រកួតដ៏ពិសេសបំផុត ។ ពួកគេគឺជាក្រុមដ៏ល្អបំផុតមួយនៅលើពិភពលោកដែលមានប្រព័ន្ធលេងល្អនិងកីឡាករល្អ។ វាពិបាកក្នុងការនិយាយថាតើកីឡាកររបស់យើងនឹងផ្លាស់ប្តូរទៅលេងក្នុងក្របខ័ណ្ឌ Premier League យ៉ាងដូចម្តេច។ យើងបានត្រៀមលក្ខណៈសម្រាប់រឿងនេះប៉ុន្តែយើងត្រូវបង្ហាញវានៅលើទីលាន” ។
គួរបញ្ជាក់ដែរថាមុននិងលោក Bielsa មកដឹកនាំ Leeds United លោកក៏ធ្លាប់ជាអ្នកដឹកនាំក្រុមជម្រើសជាតិ អាហ្សង់ទីន ឈីលី ក្រុម Bilbao, Marseille, Lazio និង Lille ផងដែរ ។