Toure ភ័យខ្លាចកីឡាករ Man City បាក់ទឹកចិត្តចំពោះរឿងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League
(BC-99)
អតីតខ្សែបម្រើមេឃខៀវ Yaya Toure ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Qingdao ប្រទេសចិន បាននិយាយថាកីឡាកររបស់ក្រុម Manchester City អាចនឹងមានបញ្ហាផ្លូវចិត្តក្រោយពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នាពេលថ្មីៗនេះ។
ប្រាំបីថ្ងៃបន្ទាប់ពីទទួលបានជ័យជម្នះ ២-១ លើក្រុមអធិរាជស Real Madrid ដែលសរុបលទ្ធផលទាំងពីរជើង ៤-២ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមរបស់លោក Pep Guardiola ក៏ត្រូវបានក្រុម Lyon ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ ៧ នៅ Ligue 1 កាលពីរដូវកាលមុនធ្វើអោយមានការភ្ញាក់ផ្អើលវិញម្តងដោយបានប្រកួតឈ្នះដោយលទ្ធផល ៣-១ ។
លោក Guardiola បានដឹកនាំក្រុម Man City ឲ្យ ឈ្នះពានរង្វាន់ក្នុងស្រុកសំខាន់ៗចំនួន ៦ ដែលក្នុងនោះមានទាំងពាន Premier League ចំនួន ២ ផងដែរប៉ុន្តែលោកមិនដែលបានឆ្លងផុតពីវគ្គ ៨ ក្រុមចុងក្រោយនៅពានរង្វាន់អឺរ៉ុបឡើយ លើកលែងតែលោក Manuel Pellegrini ដែលបានជួយអោយ Man City ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្ដងគត់ក្នុងឆ្នាំ ២០១៦។
Toure ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ក្រោមការដឹកនាំរបស់លោក Guardiola នៅឯក្លិប Barcelona កាលពីឆ្នាំ ២០០៩ មុនពេលចូលរួមជាមួយក្រុម Man City បានធ្វើការប៉ាន់ស្មានថាក្រុមកីឡាកររបស់អតីតក្លឹបខ្លួនមួយនេះអាចនឹងរងឥទ្ធិពលមិនល្អជាមួយនឹងសំពាធសង្កត់ទឹកចិត្ត។ រូបគេបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “នៅទ្វីបអ៊ឺរ៉ុបគ្រប់ក្លិបទាំងអស់សុទ្ធតែខ្លាំង។ ក្លិបខ្លះគឺខ្លាំងហើយថែមឆ្លាតទៀត។ ការប្រកួតប្រជែងនេះពិតជាលំបាកណាស់។ ការប៉ះទង្គិចផ្លូវចិត្តពិតជាអាចប៉ះពាល់ដល់អ្នក វាកាន់តែអាក្រក់ននៅពេលដែលក្រុមអ្នកចាញ់”។
Toure បានធ្វើការរិះគន់ចំពោះលោក Guardiola ដែលបានប្រើវិធីសាស្រ្ត ៣-៥-២ ពេលលេងជាមួយ Lyon ដែលគេមានការយល់ឃើញថាជារបៀបដែលទុកចន្លោះអោយក្រុមមកពីបារាំងមានឱកាសវាយលុកបានយ៉ាងងាយ។ ក្តីបារម្ភរបស់រូបគេគឺជាការភ័យព្រួយថាក្រុម Man City អាចនឹងប្រឈមការលេងមិនបានល្អនៅរដូវកាលថ្មីនេះដោយសារតែកីឡាករបាក់ទឹកចិត្ត។