អាស៊ីអឺរ៉ុបបន្ថែមកម្លាំងបរទេសពីររូបមានបទពិសោធច្រើននៅ MCL
កីឡាករនីហ្សេរីយ៉ាពីររូប គឺ Samuel Ajayi Gbenga និង Bisan George បានចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត សម្រាប់ជុំទីពីរនៃក្របខណ្ឌ Metfone Cambodian League 2020។ នេះបើតាមការបញ្ជាក់ពីទំព័រគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC។
ប្រភពដដែលបានស្រង់សម្ដីអ្នកចាត់ការក្រុមតំណាងសាកលវិទ្យាល័យខាងលើ គឺលោក ផេង ចន្នា ថា ក្លិបមានក្ដីរំពឹងខ្ពស់លើកីឡាករសម្បូរបទពិសោធទាំងពីរ អាចជួយបំពេញចន្លោះខ្វះខាតរបស់ក្រុមជាពិសេសនៅតំបន់ប្រយុទ្ធឲ្យបានកាន់តែប្រសើរនៅជុំទីពីរ។
គួរដឹងដែរថា Samuel Ajayi Gbenga បានឈានជើងមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាអំឡុងឆ្នាំ២០០៧ ដោយលេងឲ្យក្លិប Phnom Penh FC ដែលបច្ចុប្បន្នជាក្លិបភ្នំពេញក្រោន និងបានចូលរួមជាមួយក្លិបក្របខណ្ឌកំពូលថៃ Bangkok Glass FC (បច្ចុប្បន្ន BG Pathum) ព្រមទាំងក្លិបផ្សេងៗទៀតរហូតដល់ឆ្នាំ២០១៥។ គេបានវិលមកកម្ពុជាវិញដោយលេងឲ្យបឹងកេតរហូតដល់ដាច់រដូវកាល២០១៦។
Gbenga
កាលជុំទីមួយ២០១៧ Gbenga ក៏បានលេងឲ្យអាស៊ីអឺរ៉ុបយូណាយធីតដែរ មុនវិលទៅបឹងកេតជាថ្មីនៅជុំទីពីរឆ្នាំដដែលរហូតដល់ដាច់រដូវកាល២០១៩។
សម្រាប់ Bisan George ក៏ធ្លាប់ចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីតនៅជុំទីមួយ២០១៧ដូចគ្នា តែបានផ្លាស់ទៅព្រះខ័នរាជស្វាយរៀងនៅជុំទីពីរឆ្នាំដដែល។ ខ្សែប្រយុទ្ធរូបនេះធ្លាប់លេងឲ្យបឹងកេត, ឆ្លាមសមុទ្រ, ភ្នំពេញក្រោន, សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៍។
George
អ្នកទាំងពីរអាចបង្ហាញខ្លួននៅ MCL សម្រាប់អាស៊ីអឺរ៉ុបយូណាយធីត ចាប់ពីជុំទីពីរតទៅ៕
រូបភាព ៖ CNCC