
Klopp ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងល្អផ្តាច់គេប្រចាំរដូវកាលនៅ Premier League
(BC-99)
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅល្អជាងគេប្រចាំរដូវកាលសម្រាប់រដូវកាល ២០១៩-២០ ។
លោក Klopp បានបង្ហាញសមត្ថភាពនិងទេពកោសល្យយ៉ាងល្អដោយបានជួយអោយ Liverpool ឈ្នះពានរង្វាន់កំពូលរបស់អង់គ្លេសលើកជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំរបស់ខ្លួនដោយធ្វើបាន ៩៩ ពិន្ទុនិងឃ្លាតពីក្រុមលេខ២អតីតជើងឯករដូវកាលចាស់ Manchester City ចំនួន ១៨ ពិន្ទុ។
២៧ ប្រកួតដំបូងក្រុមរបស់លោក Klopp មិនដែលចាញ់សោះដោយឈ្នះ២៦ដងនិងស្មើម្តង ហើយក៏បានបង្កើតកំណត់ត្រាថ្មីមួយទៀតសម្រាប់ការឈ្នះពានរង្វាន់ Premier League ដំបូងបំផុតដោយនៅសល់ការប្រកួតដល់ទៅ៧ដងទៀត។
លោក Klopp ដែលត្រូវបានជាប់ឈ្មោះក្នុងការជ្រើសរើសជាអ្នកចាត់ការណ៍ល្អជាងគេដោយប្រធានសមាគមបាល់ទាត់អង់គ្លេសកាលពីខែមុននេះ ហើយនៅពេលនេះលោកបានឈ្នះពានរង្វាន់អ្នកដឹកនាំល្អជាងគេរបស់ក្របខ័ណ្ឌ Premier League ប្រចាំរដូវកាលនេះដោយបានប្រជែងឈ្នះបេក្ខជនដ៏ទៃទៀតដែលមានលោក Frank Lampard, Brendan Rodgers និង Chris Wilder ។
ដោយឡែកខ្សែការពារស្តាំរបស់Liverpool Trent Alexander-Arnold ក៏ត្រូវបានអះអាងថាជាបេក្ខភាពដណ្តើមពានរង្វាន់កីឡាករវ័យក្មេងដែលលេងបានល្អប្រចាំរដូវកាលនេះហើយក៏មានឈ្មោះប្រជែងរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលជាមួយមិត្តរួមក្រុម Jordan Henderson និង Sadio Mane ផងដែរ។