
គ្រូត្បូងឃ្មុំទម្លាយមូលហេតុចំៗរឿងលាឈប់ពីតំណែង
ដូចបានដឹងស្រាប់ហើយថា លោក ផន រស្មីពេជ្រ បានលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ ក្រោយមិនអាចការពារតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នៅរដូវកាល២០២០នេះបាន។
ក្រុមជើងឯកថ្នាក់ខេត្ត២០១៩ បានប្រកួតចាញ់ព្រៃវែង១ទល់នឹង០ក្នុងវគ្គផ្ដាច់ព្រ័ត្ររាត្រីថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ។
លោក ផន រស្មីពេជ្រ បានទម្លាយមូលហេតុនៃការសម្រេចចិត្តលាឈប់ប្រាប់ក្រុមការងារវិបសាយ MSR បែបនេះ “៖ហេតុផលលម្អិតខ្ញុំអត់មានអីទេ ដោយសារអត់ពេញចិត្តការរៀបចំ ព្រោះកន្លងមកលេងស្មៅធម្មជាតិ បែរទៅជារៀបចំឲ្យលេងស្មៅសិប្បនិម្មិត។ ចុះក្រុមខ្ញុំថ្នាក់ខេត្តមានស្មៅសិប្បនិម្មិតណាហាត់ មានស្មៅសិប្បនិម្មិតណាលេងមកពីណា លេងតែស្មៅធម្មជាតិហ្នឹង។ បើយុវជនវិសាខា គេមានស្មៅសិប្បនិម្មិតផង គេមានស្មៅធម្មជាតិផង។ អ៊ីចឹងខ្ញុំអត់ពេញចិត្តការរៀបចំទេ។”
គួររំឭកថា លោក ផន រស្មីពេជ្រ បានចូលរួមក្រុមការងារគ្រូប្រចាំជម្រើសខេត្តត្បូងឃ្មុំ អំឡុងឆ្នាំ២០១៨ ហើយ២០១៩ក៏រួមចំណែកលើកពានក្រុមនេះលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ខណៈលោកផ្ទាល់ក៏ជាប់ជាគ្រូល្អផងដែរ៕
រូបភាព ៖ CNCC