
Leicester គ្រោងចាយ៣១លានផោនផ្ទេរ Jovic ពី Real Madrid
Leicester City ត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ ៣១ លានផោនផ្ទេរយក Luka Jovic ពី Real Madrid ទៅចាប់ដៃគូជាមួយ Jamie Vardy ក្នុងតំបន់ប្រយុទ្ធនៅរដូវកាលក្រោយ។ Luka Jovic បានផ្លាស់ទៅ Bernabeu ពី Eintracht Frankfurt ក្នុងតម្លៃ ៥៤ លានផោន នៅដើមរដូវកាល២០១៩/២០២០។ ទោះយ៉ាងណាក្នុងរដូវកាលដំបូងខ្សែប្រយុទ្ធស៊ែប៊ីរូបនេះរកបានតែ ២ គ្រាប់ប៉ុណ្ណោះក្នុងចំណោម៧៧០ នាទីដែលគេចូលលេងបាន ២៥ ប្រកួត។
Real Madrid ត្រៀមស្តាប់សំណើសម្រាប់កីឡាករវ័យ ២២ ឆ្នាំ។ ដំបូងឡើយ ក្រុមអធិរាជសមានបំណងដាក់ឲ្យក្លិបផ្សេងខ្ចី។ ទោះជាយ៉ាងណា បញ្ហា COVID-19 ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្លិបដែលអាចបង្ខំចិត្តលក់ចេញតែម្ដងដើម្បីបន្ថយចំណាយ។
យោងតាមសារព័ត៌មាន Daily Star អ្នកចាត់ការ Leicester City លោក Brendan Rodgers បានបង្ហាញចំណាប់អារម្មណ៍ចំពោះ Jovic ។ លោកបាននិយាយថាការផ្លាស់ប្តូរបរិយាកាសលេងអាចជួយ Jovic ងើបមុខឡើងវិញ។ Leicester ថែមទាំងបាននិយាយទៅកាន់ភ្នាក់ងាររបស់ផងដែរ ខណៈ Arsenal ក៏ចាប់អារម្មណ៍ដូចគ្នា។
ក្រុមអតីតជើងឯក Premier League ធ្លាប់ចែចូវ Jovic តាំងពីនៅ Frankfurt។ ទោះយ៉ាងណាពួកគេមិនអាចប្រកួតប្រជែងជាមួយ Real Madrid បានទេ។ លោក Rodgers ចង់ស្វែងរកដៃគូសម្រាប់ Jamie Vardy។
កន្លងមក Jovic ធ្លាប់មានបញ្ហាចម្រូងចម្រាសអំឡុង COVID 19 ដោយបានបំពានវិធានការសុវត្ថិភាព ឡើងយន្ដហោះទៅប្រទេសស៊ែប៊ី។
អវត្តមានរបស់ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំមិនមែនជាបញ្ហាធំដុំសម្រាប់ Real Madrid ទេនៅពេលដែល Karim Benzema កំពុងបង្ហាញសមត្ថភាពដ៏ល្អ៕