
ច្បាស់ហើយ! ពានលីគ និងពានសម្តេច ហ៊ុន សែន បានកំណត់ថ្ងៃប្រកួត
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធរៀបចំការប្រកួតបាល់ទាត់កម្ពុជា ហៅកាត់ CNCC បានបង្ហោះថា បានបើកដំណើរការការប្រកួតឡើងវិញ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ និងថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា មុនចាប់ផ្ដើមថ្នាក់ជាតិពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។ បន្ទាប់ពីការប្រជុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយនឹងតំណាងក្លិបទាំង១៣ កាលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ អំពីការត្រៀមលក្ខណៈបច្ចេកទេសរៀបចំការចាប់ផ្តើមឡើងវិញ ហើយក៏មានការចូលរួមដោយក្រុមការងារបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចព្រមគ្នាឱ្យមានការប្រកួតឡើងវិញ។
ចំពោះក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នឹងចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា តទៅ។ សម្រាប់ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា។ ដោយឡែកអ្វីដែលត្រូវបានព្រមព្រៀងកែប្រែនោះ គឺចាប់ពីជើងទីពីរនេះ ក្រុមកំពូលទាំង៦ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខមួយ, លេខពីរ និងលេខបី។ ចំណែកក្លិបនៅលំដាប់ទី៧ដល់ទី១៣ប្រកួតគ្នាជាធម្មតា។ សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head។ ពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករវិញ គឺអាចប្ដូរ ៥ នាក់ ដែលមានកម្ពុជា ៣ នាក់ និងបរទេសពីរនាក់ ខណៈដំណើរការពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា។
ការប្ដូរកីឡាករក្នុងការប្រកួតក៏បានបង្កើនដែរ គឺពី ៣ នាក់ ដល់ ៥ នាក់ តែធ្វើឡើងបានតែ ៣ លើកប៉ុណ្ណោះក្នុងមួយប្រកួត ស្របពេលមុនសម្រាកចាប់តាំងពីថ្ងៃទី ១៨ ខែ មីនា កន្លងទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃមេរោគ COVID-19 ក្លិបភ្នំពេញក្រោន ជាក្រុមគ្រប់គ្រងកំពូលតារាង មិត្តហ្វូនខេមបូឌានលីគ បណ្ដោះអាសន្ននៅពេលផ្អាកការប្រកួតត្រឹមសប្ដាហ៍ទី៥ ខណៈពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តបានបញ្ចប់វគ្គចែកពូលរួចរាល់៕