
Bruno Fernandes បង្ហើបអោយដឹងពីតារាបាល់ទាត់ដែលឋិតក្នុងដួងចិត្តរបស់ខ្លួន
(BC-99)
Bruno Fernandes បានលាតត្រដាងថារូបគេបានព្យាយាមលេងដោយយកគម្រូតាមតារាបាល់ទាត់ Andres Iniesta អតីតកីឡាករអ្នកមានបុណ្យ Barcelona ខណៈដែល Ronaldinho និង Cristiano Ronaldo ក៏ជាវីរបុរសបាល់ទាត់ដ៏ធំរបស់ខ្លួនដែរ។
ខ្សែបម្រើរបស់ ព័រទុហ្គាល់ រូបនេះត្រូវបានចុះកិច្ចសន្យាប្តូរមកកាន់បិសាចក្រហម Manchester United ពី Sporting CP អំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅនិងបានក្លាយជាកីឡាករដ៏ជាទីពេញចិត្តរបស់ប្រិយ៍មិត្តអ្នកគាំទ្រទៀតផង។
Fernandes បានប្រាប់គេហទំព័រផ្លូវការរបស់ United ក្នុងថ្ងៃនេះថា “អ្នកដែលខ្ញុំចូលចិត្តមើលនិងយកគម្រូតាមគឺ Andre Iniesta ពីព្រោះគាត់គឺជាកីឡាករម្នាក់ដែលគ្រប់គ្រងបាល់បានយ៉ាងល្អ គាត់ជាកីឡាករដែលហ៊ានប្រថុយចំពោះរនាំងឧបសគ្គ ខ្ញុំគិតថា Iniesta គឺជាកីឡាករមួយរូបដែលល្អបំផុតនៅលើពិភពលោកនិងតែងតែឋិតក្នុងក្តីស្រមៃរបស់ខ្ញុំ”។
អតីតតារាឆ្នើមប្រេស៊ីល Ronaldinho និងមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ក៏ជាកីឡាករដែលឋិតក្នុងបេះដូងជាយូរយាររបស់ Bruno ហើយដែរដោយកីឡាករ Manchester United វ័យ ២៥ ឆ្នាំរូបនេះបានលើកឡើងជាបន្តថា “ខ្ញុំមានកីឡាករជាច្រើនដែលខ្ញុំចូលចិត្តមើលនិងធ្វើត្រាប់តាម។ ឧទាហរណ៍ក្នុងប៉ុន្មានឆ្នាំដំបូងកីឡាករដែលខ្ញុំតែងតែចូលចិត្តគឺ Ronaldinho ។ សម្រាប់ខ្ញុំគាត់ជាកីឡាករដែលអាចទាញអារម្មណ៍អ្នកទស្សនាអោយអង្គុយនៅមុខទូរទស្សន៍ចំនួនរាប់ម៉ោង! ពីព្រោះគាត់មានសមត្ថភាពធ្វើអោយអ្នកគាំទ្ររីករាយសប្បាយចិត្តតាមរយៈស្នាមញញឹមរបស់គាត់។ ដូច្នេះក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង Ronaldinho គឺជាកីឡាករដែលខ្ញុំចូលចិត្តបំផុត។ បន្ទាប់ពីនេះគឺ Cristiano Ronaldo ដែលជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ដែលខ្ញុំយកធ្វើជាគម្រូតាម” ។