ធឿន ធារ៉ា ចាប់ផ្តើមហ្វឹកហាត់និងកំណត់ពេលវេលាឡើងសង្វៀនវិញ
ក្រោយសម្រាកក្នុងការឡើងសង្វៀននិងការហ្វឹកហាត់ដោយសារបញ្ហារបួសបាក់ខ្ទង់ច្រមុះជិត៣ខែកន្លងមកអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា អាចចូលកន្លែងហ្វឹកហាត់បានវិញជាលើកដំបូង និងកំណត់វេលារបស់ខ្លួនដែលអាចវិញមកឡើងប្រកួតលើសង្វៀនវិញក្នុងពេលឆាប់ៗខាងមុខនេះ ។
ធឿន ធារ៉ា បានប្រាប់ MSR SPORT ថា ស្ថានភាពរបួសរបស់គេបានធូរស្បើយច្រើនហើយ ដោយកាលពីម្សិលមិញនេះរូបគេបានមកកន្លែងហ្វឹកហាត់ជាលើកដំបូងដោយអាចចាប់ផ្តើមហ្វឹកហាត់បានខ្លះៗដើម្បីថែរក្សាកម្លាំងនិងពង្រឹងសមត្ថភាពឡើងវិញ ដែលប្រហែលជា១ខែទៀតទើបសម្រេចឡើងសង្វៀនវិញ ។
គួរំលឹកផងដែរថា កូនសិស្សរបស់លោក អេ ភូថង រូបនេះបានរងរបួសក្នុងអំឡុងការប្រកួតជាមួយកីឡាករថៃ ម៉ាណាវថង ក្នុងទឹកទី៣បន្ទាប់ពីការព្យាយាមចូលវាយកែងហើយត្រូវកីឡាករថៃយកកែងរងទប់ក៏ត្រូវចម្រុះបណ្តាលអោយរបួសហើយគ្រូពេទ្យសម្រេចបញ្ឃប់តែម្តង ក្នុងការប្រកួតកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅកាន់ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ២០២០ ៕