Lionel Messi បដិសេធរឿងជួយបង់លុយដម្កល់ឱ្យ Ronaldinho ចេញពីពន្ធនាគារ
អតីតខ្សែបម្រើប្រេស៊ីល Ronaldinho ត្រូវបានអាជ្ញាធរប៉ូលិសរបស់ប្រទេសប៉ារ៉ាហ្គាយចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីរូបគេបានបន្លំធ្វើលិខិតឆ្លងដែនជាជនជាតិប៉ារ៉ាហ្គាយដោយប្រឈម នឹង ជាប់ ពន្ធនាគារ រយៈពេល៦ខែ។
យ៉ាងណាក្តី វីរបុរសបាល់ទាត់ក្រុមរហស្សនាមសាំ និងបងប្រុសត្រូវបានដោះលែងចេញពីពន្ធនាគារក្នុងប្រទេសប៉ារ៉ាហ្គាយហើយ ដោយប្ដូរទៅឃុំខ្លួននៅសណ្ឋាគារវិញ បន្ទាប់ពីបានបង់ប្រាក់តម្កល់អស់១,៣លានផោន។
ដោយឡែកក៏មានព័ត៌មានជាច្រើនបានចុះផ្សាយថា ការចាកចេញពីពន្ធនាគាររបស់ Ronaldinho គឺដោយសារតែមានការជួយជ្រោមជ្រែងរបស់អតីតមិត្តរួមក្រុម Lionel Messi ផងដែរ ដោយម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យគឺជាអ្នកបង់ប្រាក់ដម្កល់។
ទីបំផុត ប្រធានក្រុម FC Barcelona បានចេញមុខមកបកស្រាយហើយដោយរូបគេបានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថាជារឿងកុហុក ដោយបុរសកូន៣បានសរសេរសារភ្ជាប់ថា៖ “ព័ត៌មានក្លែងក្លាយ! រឿងកុហុកទី១ Messi ផ្លាស់ទៅ Inter Milan ហើយព័ត៌មានកុហកទី២ Messi បានផ្តល់ប្រាក់ទៅជួយ Ronaldinho។ អរគុណព្រះដោយគ្មាននរណាម្នាក់ជឿរឿងអស់ហ្នឹង។”