មុត សត្យា បញ្ចេញចំណាប់អារម្មណ៍ក្រោយផ្លាស់មកក្លិបថ្មីបានបង្ហាញខ្លួន ១១នាក់ដំបូងគ្រប់ប្រកួត
ខ្សែការពារស្លាប មុត សត្យា បានលើកឡើងពីការបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាហើយជាប់ជម្រើស ១១នាក់រៀងរាល់ការប្រកួតឱ្យក្លិប អង្គរថាយហ្គឺរ នារដូវកាលថ្មី២០២០ នឹងជួយក្រុមឈរនៅលេខ៤ គិតត្រឹមសប្តាហ៍ទី៥ ដោយជំនួប ៥ លើកកន្លងមក ឈ្នះ ២ ដង ស្មើ ២ ដង នឹងចាញ់ម្តង។
កីឡាករវ័យ ២១ឆ្នាំរូបនេះ បាននិយាយថា÷ សម្រាប់ខ្ញុំ មានអារម្មណ៍ថាសប្បាយចិត្តដែលគ្រូគាត់ផ្ដល់ឱកាសជម្រើស១១ នាក់ដំបូង ហើយក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំនៅក្នុងលីគដែរ និងបានលេងទល់នឹងកីឡាករល្បីៗក៏ដូចជាកីឡាករជម្រើសជាតិផងដែរ ហេីយក៏រំភើបដែលមានអ្នកទស្សនាយ៉ាងច្រើន។
អតីតកីឡាករទ័ព បានបន្តថា នេះជាលើកដំបូងដែលលេងទល់កីឡាករបរទេសរបស់ក្លិបធំៗមួយចំមួយសុទ្ធតែខ្លាំងរួមទាំងបច្ចេកទេសនិងមាឌធំធ្វើឲ្យមានការលំបាកខ្លះដែរសម្រាប់ខ្ញុំប៉ុន្តែគ្រូក៏ដូចជាសមាជិកក្រុមទាំងអស់ក៏មានរៀបចំនិងសិក្សាអំពីក្រុមគេដេីម្បីងាយស្រួលក្នុងការការពារ។ សម្រាប់គោលបំណងនូវថ្ងៃអនាគត់ខ្ញុំចង់ក្លាយជាសមាជិកក្រុមជម្រើសជាតិមួយរូបដែលមានគេស្គាល់និងចូលចិត្តច្រើន។
គួររំលឹកផងដែរថា កីឡាករមកពីខេត្តកែបរូបនេះ ធ្លាប់ឈ្នះជើងឯកសិស្សានុសិស្សទុតិយភូមិទូទាំងប្រទេសផងដែរ មុនមកចូលរួមជាមួយក្លិប កងយោធពលខេមរភូមិន្ទ ក្រោយមកក៏បានចាកចេញដោយសារមិនបានបង្ហាញខ្លួន នឹងបានបញ្ចេញសមត្ថភាព សម្រេចចិត្តមកក្លិបថ្មី អង្គរថាយហ្គឺរ មានឱកាសបានបង្ហាញខ្លួនគ្រប់ប្រកួត នឹងជាប់ ១១នាក់ដំបូងរហូត៕