អតីតកីឡាកររបស់ក្លឹប Aston Villa, Cardiff City, Blackburn Rover Peter Whittingham បានស្លាប់នៅអាយុ ៣៥ ឆ្នាំ
(BC-99)
Peter Whittingham បានធ្លាក់ពីលើកាំជណ្ដើរនៅឯហាងស្រាមួយកន្លែងតាំងពីថ្ងៃទី ៧ ខែមីនាដែលជាថ្ងៃប្រកួតបាល់ឱប Six Nation រវាងក្រុមអង់គ្លេសជាមួយក្រុមវែលហើយបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតហើយក្នុងថ្ងៃនេះដោយបន្សល់ទុកកូន ២ នាក់អោយក្លាយជាក្មេងកំព្រា។

Peter Whittingham, Cardiff City
ក្លឹបបាល់ទាត់ Cardiff City បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា “ វាគឺជារឿងដ៏សោកសៅជាទីបំផុតក្នុងការជូនដំណឹងដល់អ្នកគាំទ្រថាអតីតវិរៈបុរសរបស់យើងលោក Peter Whittingham បានទទួលមរណភាពហើយនៅវ័យ ៣៥ ឆ្នាំ។
កាលពីម្សិលម៉ិញនេះរបាយការណ៍មួយរបស់ប៉ូលីសទើបតែធ្វើការបដិសេធអំពីព័ត៌មានដែលបានផ្សាយថា Whittingham បានទទួលមរណភាពតាំងពីថ្ងៃអង្គារ តែមិនទាន់បានមួយថ្ងៃស្រួលបួលផងស្រាប់តែដំណឹងមរណភាពនេះក៏បានក្លាយជាការពិតនៅថ្ងៃព្រហស្បត្តិ៍នេះទៅវិញ។ គេឃើញមានការចូលរួមជួយរំលែកទុក្ខពីសំណាក់កីឡាករ គ្រូបង្វឹក និងប្រិយ៍មិត្តពីសព្វទិសទីដល់ភរិយាដែលកំពុងពរពោះកូនទី២ព្រមទាំងសាច់ញាតិរបស់សពផងដែរ។

Peter Whittingham ពេលជាកីឡាកររបស់ Blackburn Rover
គួររំលឹកដែរថាអតីតកីឡាកររូបនេះបានបង្ហាញខ្លួនចំនួន ៤១៣ ដងអោយក្រុម Cardiff ដោយស៊ុតបញ្ចូលទីបាន ៨៥ គ្រាប់ក្នុងអាជីពរយៈពេល ១០ ឆ្នាំនៅ រាជធានី ប្រទេសវែលស៍។ លោកបានជួយក្រុមដែលមានរហស្សនាម Bluebirds ឡើងទៅកាន់ក្របខ័ណ្ឌ Premier League ជាលើកដំបូងក្នុងឆ្នាំ ២០១៣ និងក៏បានជួយពួកគេឱ្យឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងឆ្នាំ ២០០៨ និងវគ្គផ្តាច់ព្រ័ត្រ League Cup កាលពីឆ្នាំ ២០១២ ។ នៅឆ្នាំ ២០១៧ លោកក៏បានចាកចេញទៅចូលរួមជាមួយ Blackburn Rovers ជាកន្លែងដែលលោកបង្ហាញខ្លួនប្រកួតបានចំនួន ២០ ដង។