ម្ចាស់ក្លឹប ប៉ែនកាក់គុនខ្មែរ ប្រាប់ហេតុផលដែលសម្រេចចិត្តទិញយក លីភា
បន្ទាប់ពីមានបងប្អូនដែលគាំទ្រគុនខ្មែរជាច្រើនបាននាំគ្នាចាប់អារម្មណ៍រឿងកីឡាករគុនខ្មែរ លីភា បានផ្ទេរពីក្លឹបសំរោងកោងកីឡាខេត្តដំបង មកកាន់ក្លឹបថ្មី ប៉ែនកាក់គុនខ្មែរ ក្នុងនោះលោក ស៊ន អេលីត ដែលជាម្ចាស់ក្លឹបមួយនេះបាននិយាយប្រាប់ហេតុផលជាច្រើនដែលលោកសម្រេចចិត្តទិញយក លីភា ពីក្លឹបចាស់របស់គេ ដោយបានបញ្ជាក់ប្រាប់ MSR SPORT ថា៖ ប្រសិនជាលោកមិនទិញ លីភា ពីក្លឹបចាស់របស់គេនោះទេ លីភា អាចនឹងបញ្ចប់អាជីពគុនខ្មែររបស់គេតែម្តង ព្រោះថានៅទីនោះ លីភា មិនមានអ្នកបង្ហាត់ ដោយភាគច្រើនហ្វឹកហាត់តែខ្លួនឯង ម្យ៉ាងវិញទៀត ដោយសារតែលោកស្រលាញ់និងពេញចិត្តសមត្ថិភាពរបស់អ្នកស្រុកបាត់ដំបង លោកក៏សម្រេចចិត្តចំណាយថវិកាផ្ទាល់ខ្លួនទិញយកកីឡាកររូបនេះមកកាន់ក្លឹបរបស់លោកតែម្តង។ លោក ស៊ន អេលីត ក៏បានបន្ថែមទៀតថា លីភា ក៏ជាផ្នែកមួយអាចជួយពង្រឹងក្លឹបរបស់លោក ហើយក្រៅពីជាកីឡាករ លីភា ក៏អាចជួយបង្ហាត់សិស្សប្អូននៅក្នុងក្លឹបបានដែរ ទោះបីជាសព្វថ្ងៃនេះលោកមានគ្រូជំនួយដល់ទៅ៣នាក់ក៏ដោយ។
គួរបញ្ជាក់ថា លីភា ចាប់ធ្វើឲ្យបងប្អូនដែលចូលចិត្តទស្សនាប្រដាល់គុនខ្មែរ ពេញចិត្តនិងសមត្ថិភាពរបស់គេ គឺគ្រាដែលកីឡាកររូបនេះធ្វើការប្រកួតនៅទឹកដីថៃ ហើយកេរ្តិ៍ឈ្មោះរបស់កីឡាកររូបនេះក៏បានធ្វើអោយបងប្អូនកម្ពុជាពេញចិត្តនិងសមត្ថិភាពជាខ្លាំង តែអ្វីៗត្រូវបានខកចិត្តទៅវិញ ខណៈអ្នកស្រុកបាត់ដំបងរូបនេះ បែរជាប្រកួតមិនបានល្អដូចដែលរូបគេធ្លាប់ប្រកួតនៅទឹកដីថៃ។ ជាមួយគ្នានោះលោក ស៊ន អេលីត មានជំនឿចិត្តថា លីភា នឹងល្បីឈ្មោះមកវិញនៅពេលដែលកីឡាកររូបនេះបានសម្រេចចិត្តមករួមរស់ជាមួយក្លឹប ប៉ែនកាក់គុនខ្មែរ៕